ព័ត៌មានជាតិ

រដ្ឋសភាថៃ នឹងបន្តរួមចំណែក និងគាំទ្រ ដល់ការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការថៃ-កម្ពុជា

រូបភាពពី៖​ STPM

ភ្នំពេញ៖ លោក វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ បានលើកឡើងថា រដ្ឋសភាថៃ នឹងបន្តចូលរួមចំណែក និងគាំទ្រ ដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសថៃ និងកម្ពុជា ។

ការលើកឡើង របស់ប្រធានរដ្ឋសភាថៃ ខាងលើនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា បានថ្លែងអំណរគុណ ចំពោះព្រឹទ្ធសភា និង រដ្ឋសភាកម្ពុជា ដែលបានទទួលស្វាគមន៍លោក និងគណៈប្រតិភូ យ៉ាងល្អប្រពៃ និងយ៉ាងកក់ក្តៅ ក្នុងឱកាសបំពេញទស្សនកិច្ចការងារ។

បន្ថែមលើនេះ លោកប្រធានរដ្ឋសភា បានសម្តែងនូវការកោតសរសើរជាខ្លាំង ចំពោះសមត្ថភាព និងភាពជាអ្នកដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដែលបាននាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍ លើគ្រប់វិស័យដល់ប្រទេសកម្ពុជា នាពេលកន្លងមក ហើយលោកមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជា នឹងបន្តការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត។

លោកប្រធានរដ្ឋសភា ក៏បានបង្ហាញពីទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ ហើយរដ្ឋសភានៃប្រទេសទាំងពីរ នឹងឈានដល់ការរៀបចំ ការចុះអនុស្សរណៈ នៃការយោគយល់គ្នា លើការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចរវាងគណៈប្រតិភូសភា នៃប្រទេសទាំងពីរ និងការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក នាពេលខាងមុខនេះផងដែរ។

ព្រមជាមួយគ្នានេះ លោកប្រធានរដ្ឋសភា បានជម្រាបជូនសម្តេចធិបតី ថា “រដ្ឋសភាថៃ នឹងបន្តចូលរួមចំណែក និងគាំទ្រ ដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ”។

ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ថៃ ដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ដែលជាទំនាក់ទំនងដ៏ល្អប្រសើរ។

សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា តាមរយៈទស្សនកិច្ចការងាររបស់លោកប្រធានរដ្ឋសភា នាឱកាសនេះ នឹងចូលរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ ការពារជាតិ សន្តិសុខ និងវិស័យផ្សេងៗទៀត។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ និងស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ថែទាំ ដល់ពលករខ្មែរដែលកំពុងបំពេញការងារ នៅព្រះរាជាណាចក្រថៃ និងបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលថៃ លើការផ្ដល់នូវការលើកលែងថ្លៃទិដ្ឋាការចេញ-ចូល (Re-entry Visa Fee) សម្រាប់ពលករខ្មែរ ដែលនឹងធ្វើដំណើរត្រលប់មកកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងត្រឡប់ទៅព្រះរាជាណាចក្រថៃវិញ។

មុននឹងបញ្ចប់ សម្តេចធិបតី និងលោកប្រធានរដ្ឋសភា ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ សម្រាប់បញ្ហាតំបន់ និងអន្តរជាតិ ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ ហើយក៏បានបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការពង្រឹង និងពង្រីកការអភិវឌ្ឍន៍វិស័យឌីជីថល ការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា បទឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធអនឡាញ ផងដែរ៕

To Top