ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោតទើបនឹងកើតថ្មីមួយក្បាល នាវេលាម៉ោង ១៣និង៤៥នាទី នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅអន្លង់កាំងកូនសត្វ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោត ចំនួន៦ក្បាលផ្សេងទៀត ។
ក្នុងថ្ងៃតែមួយនេះ នៅខេត្តក្រចេះ ក្រុមការងារបានទទួលដំណឹងដ៏សោកសៅ ដោយបានប្រទះឃើញសពកូនផ្សោតមួយក្បាល ដែលបានស្លាប់នៅចំណុចព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រោមអន្លង់កាំពីប្រមាណ១០គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ កូនផ្សោតដែលស្លាប់នេះ មានប្រវែង១,០៦ម៉ែត្រ និងទម្ងន់១១គីឡូក្រាម ដែលទំនងជាទើបនឹងកើតបានអំឡុងពេលពី១ទៅ២ថ្ងៃប៉ុណ្ណោះ។
តាមការសន្និដ្ឋានបឋម ការស្លាប់របស់កូនផ្សោតនៅអន្លង់កាំពី ខេត្តក្រចេះនេះ អាចបណ្តាលមកការបំពានរបស់ពពួកផ្សោតធំៗ ប៉ុន្តែក្រុមការងារស្រាវជ្រាវនឹងធ្វើការវិភាគជាបន្ត ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ កម្ពុជាបានទទួលកូនផ្សោតកើតថ្មីចំនួន៥ក្បាល និងមានផ្សោតស្លាប់ចំនួន២ក្បាល។
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សូមថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃ និងស្នើជៀសវាងប្រើឧបករណ៍ឆក់ និងឧបករណ៍មងក្រឡាធំ នៅតាមអន្លង់ផ្សោតរស់នៅ។
ទន្ទឹមគ្នានេះ ប្រសិនបើប្រជានេសាទ បានប្រទះឃើញវត្តមានសត្វផ្សោត ផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣, ០១១៣៥៥៨៨៣, ០៩៩៧៩១៩១៩, ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២ ៕