ព័ត៌មានជាតិ

ចូលរួមដោយសេរី ពិព័រណ៍ទំនិញគុណភាពខ្ពស់ លំដាប់អន្តរជាតិ ៥-៧ មេសា ឆ្នាំ២០២៤ នៅកោះពេជ្រ

ភ្នំពេញ៖ ពិព័រណ៍ទំនិញគុណភាពខ្ពស់អន្តរជាតិ (International Best Buy Exhlbition-IBB) ដែលពីមុន ត្រូវបានគេស្គាល់ថា ជា “ពិព័រទំនិញគុណភាពខ្ពស់ (Best Buy-BB)” គឺជាពិព័រណ៍មួយ ក្នុងចំណោមពិព័រណ៍ ដែលមានអ្នកទស្សនាច្រើនបំផុត ហើយដែលត្រូវបានរៀបចំឡើង តាំងពីឆ្នាំ២០១៧ ។ 

IBB គឺជាពិព័រណ៍ពាណិជ្ជកម្ម និងទំនិញប្រើប្រាស់ នឹងរៀបចំឡើងចាប់ពីថ្ងៃ ៥-៧ ខែមេសា ឆ្នាំ២០២៤ នៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ដែលបើកជូនសាធារណជនចូលទស្សនា ដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ព្រឹក ដល់ ៩យប់។ នេះបេីយោងតាមការលេីកឡេីងពីអ្នករៀបចំ​ ក្នុងសន្និសីទសារព័ត៌មាន​ នាថ្ងៃទី២២​ ខែមីនា​។  

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ សម្រាប់ថ្ងៃទី៥ ខែមេសា ក៏នឹងមាន “ជំនួបពាណិជ្ជករ” ផងដែរ។ កម្មវិធីជំនួបនេះ នឹង អនុញ្ញាតឱ្យអ្នកតាំងពិព័រណ៍ នៅក្រៅប្រទេស មានឱកាសជួបជាមួយសហគ្រិនខ្មែរ ដែលមានបំណងចង់ក្លាយជាអ្នកចែកចាយបន្ត នៅក្នុងប្រទេសកម្ពុជា ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនកម្ពុជា ក៏អាចផ្សព្វផ្សាយផលិតផលរបស់ខ្លួន ទៅកាន់ក្រុមហ៊ុនបរទេស ដែលបានមកចូលរួមការតាំងពិព័រណ៍នេះផងដែរ។ បន្ថែមពីនេះ នៅថ្ងៃទី៦ និងទី៧ ខែមេសា គឺជាថ្ងៃដែលនឹងមានការបើកឲ្យមានសកម្មភាពទូទៅ សម្រាប់ពាណិជ្ជករ និងសាធារណៈជន។

ពិព័រណ៍នេះ នឹងមានជាង ២០០ស្តង់ចូលរួមតាំងបង្ហាញ។ សហគ្រិនខ្មែរ អាចផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ខ្លួនទៅ កាន់ក្រុមហ៊ុនទាំងនោះ។ សហគ្រាសកម្ពុជាដែលចូលរួមនៅក្នុងពិព័រណ៍ IBB មានមកពីវិស័យផ្សេងៗ ដូចជា៖ ក្រុមហ៊ុនអាហារ និងភេសជ្ជៈ, ក្រុមហ៊ុន Franchise, អ្នកចែកចាយបន្ត, ផលិតផលកសិកម្ម, សណ្ឋាគារ និងរមណីយដ្ឋាន, ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, ក្រុមហ៊ុនធានារ៉ាប់រង, ក្រុមហ៊ុនដឹកម្ហូបអាហារ និងទូទាត់ប្រាក់, ក្រុមហ៊ុនចែកចាយរថយន្ត, អ្នកអភិវឌ្ឍន៍អចលនទ្រព្យ, អ្នកផ្តល់សេវាទូរគមនាគមន៍ និងអ៊ីនធឺណិត ជាដើម។ 

ពិព័រណ៍ដ៏ធំសម្បើមនេះ នឹងមានស្តង់តាំងពិព័រណ៍ មកពីប្រទេសថៃ ចំនួន ១០០ស្តង់, ហើយអ្នកតាំងពិព័រណ៍ជាច្រើនទៀត បាននឹងកំពុងចុះឈ្មោះចូលរួម ជាបន្តបន្ទាប់តាមរយៈការគាំទ្រ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងផ្សេងទៀតក្នុង ប្រទេសកម្ពុជា ពីខាងភាគីថៃ, អ្នកតាំងពិព័រណ៍ បានទទួលការគាំទ្រពីស្ថាប័នមួយចំនួន ដូចជា ប៊ីឌីអេស ម៉ាឃឺ (BDS Market), វិទ្យាស្ថានអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម (Institute of Small and Medium Enterprises Development- ISMED), ក៏ដូចជាពីការិយាល័យលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (The Office of SMEs Promotion-OSMEP) ដែល ជាស្ថាប័នចំណុះក្រសួងឧស្សាហកម្ម របស់ប្រទេសថៃផងដែរ។

ភ្ញៀវដែលមកចូលទស្សនាពិព័រណ៍ នឹងអាចជាវផលិតផលជាច្រើន ដែលមានការបញ្ចុះតម្លៃពិសេស សម្រាប់ថ្ងៃបុណ្យចូលឆ្នាំ ខ្មែរ ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ លើសពីនេះទៀត ក៏នឹងមានការប្រគុំតន្ត្រី ការសម្ដែងសិល្បៈ និងការចាប់រង្វាន់ជាច្រើនទៀតផងដែរ។

សូមទូរស័ព្ទមកលេខ (081/089) 929 369) សម្រាប់ព័ត៍មានបន្ថែម៕

To Top