ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ការពង្រឹងសមត្ថភាព បច្ចេកវិទ្យា និងការលើកកម្ពស់សម្មតិកម្មនវានុវត្តន៍ របស់សហគ្រាស គឺជាកត្តាគន្លឹះ ដើម្បីសម្រាប់នូវការចាប់យកខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ក្នុងតំបន់ និងសកលលោក។
នាឱកាសអញ្ជើញជាអធិបតីបើក «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២» នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ការពង្រឹងសមត្ថភាព បច្ចេកវិទ្យា និងការលើកកម្ពស់សម្មតិកម្មនវានុវត្តន៍របស់សហគ្រាស គឺជាកត្តាគន្លឹះ ដើម្បីសម្រាប់នូវការចាប់យក ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ក្នុងតំបន់ និងសកលលោក នៅក្នុងបរិការណ៍ ដែលប្រទេសកម្ពុជា កំពុងមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយប្រទេស កូរ៉េខាងត្បូង ប្រទេសចិន អេមីរ៉ាតអារ៉ាប់រួម និងក្របខណ្ឌភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងនេះ ហើយពង្រឹងប្រព័ន្ធវានុវត្តន៍ជាតិ ប្រកបដោយតម្លៃភាព និងប្រសិទ្ធភាព»។
សម្ដេចធិបតី បន្ដថា នៅក្នុងទិសដៅនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងវានុវត្តន៍ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជាសេនាធិការ ដើម្បីសម្រេចបាននូវការកសាងមូលដ្ឋាន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដោយបន្ថែមបច្ចេកវិទ្យាជាអាទិភាពទី ៥ ក្នុងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល។
សម្ដេចធិបតី បន្ថែមថា ទន្ទឹមនឹងនេះ សហគ្រាសធុនតូច និងមធ្យម នឹងមានតម្រូវការបច្ចេកវិទ្យាសម្រាប់ពង្រឹងសមត្ថភាព ដើម្បីចាប់យកទីផ្សារ ប្រកបដោយភាពប្រកួតប្រជែង ពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងខ្សែច្រវ៉ាក់តម្លៃភាពធន់ និងចីរភាព និងបរិយាប័ន្ន៕