ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ រយៈពេល ២ថ្ងៃ ចាប់ពីទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។

យោងតាមលោក មាស សោភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី នាថ្ងៃទី២៥ មីនានេះ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញ របស់លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចធិបតី នឹងជួបសម្តែងការគួរសមជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជួបពិភាក្សាទ្វេភាគី ជាមួយសមភាគី លោក បណ្ឌិត សនសៃ ស៊ីផាន់ដន ដើម្បីពិភាក្សាអំពីមធ្យោបាយនានា ក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការទ្វេភាគី លើវិស័យជាច្រើន ព្រមទាំងផ្លាស់ប្តូរយោបល់ លើបញ្ហាអនុតំបន់ តំបន់ និង អន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបពិភាក្សា នឹងមានពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

ក្នុងឱកាសស្នាក់នៅប្រទេសឡាវ សម្តេចធិបតី នឹងទទួលជួបសម្តែងការគួរសមពីសំណាក់ លោក ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ព្រមទាំងជួបសំណេះសំណាល ជាមួយសមាជិកក្លឹបធុរកិច្ចកម្ពុជា និងនិស្សិតកម្ពុជានៅប្រទេសឡាវ ផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ប្រទេសឡាវ នឹងធ្វើឱ្យកាន់តែ ស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាព ជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋាន គ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផល ប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ ៕









