ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មានក្តីរន្ធត់ ចំពោះការស្លាប់បាត់បង់ជីវិតមនុស្សរាប់សិបនាក់ និងការរងរបួសរាប់ រយនាក់ នៅក្នុងការវាយប្រហារភេរវកម្ម នៅសាលមហោស្រពទីក្រុងមូស្គូ និងថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើវាយប្រហារ ដ៏សាហាវឃោរឃៅនេះ។
យោងតាម សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការវាយប្រហារភេរវកម្ម នៅសាលមហោស្រព នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី បានបញ្ជាក់ថា “យើងមានក្តីរន្ធត់ ចំពោះការស្លាប់បាត់បង់ជីវិតរបស់មនុស្ស រាប់សិបនាក់ និងការរងរបួសរាប់ រយនាក់ នៅក្នុងការវាយប្រហារភេរវកម្ម នៅសាលមហោស្រព ទីក្រុងមូស្គូ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើវាយប្រហារដ៏សាហាវឃោរឃៅនេះ” ។
សេចក្តីថ្លែងការណ៍ ដដែលបានបញ្ជាក់ទៀតថា “យើងសូមសម្ដែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅជូនចំពោះគ្រួសារ ជនរងគ្រោះ និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ហើយសូមជូនពរឱ្យអ្នករងរបួសទាំងអស់ បានជា សះស្បើយឆាប់រហ័ស។ កម្ពុជា ធ្វើការបញ្ជាក់ជាថ្មីម្ដងទៀតថា ទង្វើភេរវកម្មណាក៏ដោយ គឺជាបទឧក្រិដ្ឋ ដែលមិនអាចមានហេតុផលណាមួយ ជាសំអាងបានឡើយ ទោះបីជាប្រព្រឹត្តក្នុងគោលបំណងណាមួយ និងដោយបុគ្គលណាក៏ដោយ ។ យើងសូមសម្ដែងនូវសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី នៅក្នុងអំឡុងពេលវេលាដ៏ក្រៀមក្រំនេះ”៕