ព័ត៌មានជាតិ

ក្រសួងការងារ នាំយកឱកាស ការងារជាង ៨០០០ កន្លែង ដល់កម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ

ភ្នំពេញ៖ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បាននាំយកឱកាសការងារជាង ៨០០០ កន្លែងដល់កម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ តាមរយៈការដាក់មជ្ឈមណ្ឌលការងារចល័ត របស់ទីភ្នាក់ងារជាតិ និងមុខរបរ នៅជុំវិញរោងចក្រនាពេលនេះគឺជាយន្តការរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខក្នុងការគិតគូរពីសុខទុក្ខ របស់បងប្អូនកម្មករនិយោជិតរោងចក្រ អ.ជី ហ្វ៊ូតវែរ។

បើតាមក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈក្រុមការងារ និងរថយន្តនៃមជ្ឈមណ្ឌលការងារចល័ត នៃក្រសួងការងារកំពុងចុះផ្សព្វផ្សាយឱកាសការងារ និងចុះឈ្មោះអ្នកស្វែងរកការងារ នៅតំបន់រោងចក្រ អ.ជី ហ្វ៊ូតវែរ ផ្ទាល់តែម្តង ធ្វើយ៉ាងណាផ្តល់ភាពងាយស្រួល សម្រាប់កម្មករនិយោជិត ដែលពុំទាន់រកការងារថ្មីធ្វើ ធ្វើបានអាចស្វែងរកការងារថ្មី បន្ទាប់ពីរោងចក្រនេះត្រូវបានអគ្គីភ័យឆាបឆេះ ខូចខាតទាំងស្រុងកាលពីពេលថ្មីៗកន្លងទៅ។

ជាការកត់សំគាល់ តាមរយៈមជ្ឈមណ្ឌលការងារចល័ត សម្រាប់ផ្តល់ព័ត៌មានអំពីឱកាសការងារជូនកម្មករនិយោជិតនៃរោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ស្រុកអង្គស្នួល ខេត្តកណ្តាល មានការចាប់អារម្មណ៍ និងការគាំទ្រពីសំណាក់បងប្អូនកម្មករនិយោជិតជាច្រើន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមីនា ២០២៤ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានណែនាំឱ្យកម្មករនិយោជិតនៃរោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ត្រៀមឯកសារទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅបរិវេណសាលាស្រុកអង្គស្នួល ចាប់ពីម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៤តទៅ។

សម្រាប់ឯកសារដែលបងប្អូនកម្មករនិយោជិតត្រូវភ្ជាប់មកជាមួយនូវមានដូចជា៖ ១. ប័ណ្ណ(កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និង២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)»៕

To Top