ព័ត៌មានជាតិ

ក្រសួងសាធារណការ និងរដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ដំណើរការសាងសង់ កែលម្អរផ្លូវជាតិលេខ ៧

កំពង់ចាម ៖ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំពិភាក្សាពិនិត្យលើ វឌ្ឍនភាព នៃដំណើរការសាងសង់ កែលម្អរ ផ្លូវជាតិលេខ ៧ ប្រវែងជាង ៤៥ គីឡូម៉ែត្រ គឺព្រុំប្រទល់ទីប្រជុំជនសគន់ ស្រុកជើងព្រៃ មកទល់និងគល់ស្ពានគីហ្សូណា ក្នុងក្រុងកំពង់ចាម ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក អ៊ុន ចាន់ដា អភិបាកខេត្តកំពង់ចាម ។

បើតាមតំណាងក្រុមហ៊ុន CRBC បានឱ្យដឹងថា យោងតាមការណែនាំចាប់ផ្ដើមការដ្ឋានសាងសង់ របស់ក្រុមព្រឹក្សាត្រួតពិនិត្យបច្ចេកទេស គម្រោងចាប់គិតថ្ងៃសាងសង់ ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដំណើរការសាងសង់ នៅការដ្ឋានរហូតមកដល់ពេលនេះ មានដូចជាការងារឈូសឆាយ មួយចំហៀងមានប្រវែង ៣៨គ.ម សម្រេចបាន ៤១,៧៦% និងចាក់បំពេញផ្លូវបាន ២២,៥៩ ម៉ឺនម៉ែត្រកីប សម្រេចបាន១៦,៥៥%។ រីឯការងារសាងសង់ស្ពានសម្រេចគ្រឹះស្ពានចំនួន ៤៤ ដើម សម្រេចបាន ៧៣,៣៣% ក្បាលគ្រឹះស្ពាន ៨ សម្រេចបាន ៥០% និងតួរគ្រឹះស្ពានបានចំនួន ៥ សម្រេចបាន៣១,២៥% ។ ការងារសាងសង់លូ គឺលូមូលសម្រេចបានចំនួន ២៨ កន្លែង (មួយចំហៀង) សម្រេចបាន២៦,៩២%។

ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា កន្លងមកនេះក្រុមការងារដោះស្រាយផលប៉ះពាល់ បានខិតខំដោះស្រាយជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាមិនឱ្យស្ទះការងារ របស់ក្រុមហ៊ុននោះទេ ។

លោកអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរដែរ ទាំងក្រុមការងារបច្ចេកទេស និងក្រុមការងារដោះស្រាយផលប៉ះពាល់ ដែលបានខិតខំបំពេញការងារ ជាមួយបងប្អូនប្រជាពលរដ្ឋអាចទទួលយកបាន ដើម្បីបង្កលក្ខណៈឲ្យក្រុមហ៊ុនធ្វើការងារសាងសង់ទទួលបានជោគជ័យ ។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណង ត្រួតពិនិត្យនៃវឌ្ឍនភាពការងារ សាងសង់កែលម្អផ្លូវជាតិលេខ ៧ ពីស្គន់ ស្រុកជើងព្រៃ មកក្រុងកំពង់ចាម ក្នុងការដោះស្រាយការងារនៅមូលដ្ឋាន ក៏ដូចជាសំណូមពរ ពីក្រុមហ៊ុន សាងសង់ ធ្វើយ៉ាងណាឲ្យគម្រោងនេះ បានសម្រេចទៅតាមការគ្រោងទុក ធ្វើយ៉ាងណាឱ្យបានជាផ្លូវ ៤ គន្លង ដើម្បីសម្រួលដល់ ការរស់នៅរបស់ប្រជាជន មានកំណើនសេដ្ឋកិច្ច និងសង្គម ៕

To Top