ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៤ និងផ្សព្វផ្សាយ អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា ចំនួន១៣ចំណុច ក្នុងឱកាសបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

កិច្ចប្រជុំនេះមានការអញ្ជើញ ចូលរួមដោយផ្ទាល់ពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រីប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) សរុបរួម ៥០៩ នាក់ ។

ជាកិច្ចចាប់ផ្តើម លោកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានរបាយការណ៍វឌ្ឍនភាព ការងារប្រចាំខែមីនា និងទិសដៅការងារខែមេសា ឆ្នាំ២០២៤ ដោយផ្ដោតសំខាន់ទៅលើការអនុវត្តកម្មវិធីអាទិភាពទាំង ៤ និងអនុកម្មវិធីនីមួយៗ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

បន្ទាប់ពីស្តាប់របាយការណ៍រួចមក លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃអង្គប្រជុំ ព្រមទាំងបានផ្ដល់អនុសាសន៍បន្ថែមមួយចំនួន ដូចខាងក្រោម៖

១/ នាយកដ្ឋានផ្លូវលំជនបទ ត្រូវស្រាវជ្រាវបច្ចេកវិទ្យាថ្មី ដើម្បីសិក្សាផ្លូវដែលធន នឹងការប្រែប្រួលអាកាសធាតុ
២/ ត្រូវបង្កើតក្រុមការងារ ចំពោះកិច្ចដើម្បីពិនិត្យ និងវាយតម្លៃផ្លូវដែលងាយរងគ្រោះ
៣/ មន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី ខេត្ត ត្រូវរៀបចំបញ្ជីសារពើភ័ណ្ឌផ្លូវជនបទ ទាំងបីប្រភេទ រួមមានផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង និងផ្លូវល្បាយក្រួស
៤/ ត្រូវពង្រឹងមន្ទីរពិសោធន៍ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំបទដ្ឋាន ដើម្បីចុះបញ្ជីមន្ទីរពិសោធន៍ជាផ្លូវការ
៥/ គណៈកម្មការវាយតម្លៃផ្លូវជនបទ ដែលទទួលបានឯកសណ្ឋាន ត្រូវចូលរួមស្បថឱ្យបានឆាប់ តាមនីតិវិធីច្បាប់ដើម្បីបំពេញជាមន្រ្ដីយុត្តិធម៌
៦/ ត្រូវសហការជាមួយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកគម្រោងថវិកាថែទាំ និងជួសជុលផ្លូវឱ្យមានគុណភាពខ្ពស់ ធានាការប្រើប្រាស់គ្រប់រដូវកាល ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ពង្រឹងគុណភាព ៧០% និងពង្រីកការតភ្ជាប់ ៣០%
៧/ មន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានីខេត្ត ត្រូវរៀបចំធ្វើបញ្ជីផ្លូវដែលត្រូវជួសជុល បន្ទាន់ ថែទាំខួប និងថែទាំប្រចាំរួចផ្ញើមកក្រសួង ដើម្បីរៀបចំផែនការសម្រាប់ឆ្នាំ២០២៥ និងផែនការឆ្នាំបន្តបន្ទាប់
៨/ មន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានីខេត្ត ត្រូវរៀបចំបញ្ជីផ្លូវជនបទទាំង៤ប្រភេទ ទាក់ទិនទៅនឹងចំណីផ្លូវជនបទ
៩/ បង្កើតក្រុមការងារ ចំពោះកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំផែនទី ព្រមទាំងបញ្ជីសារពើផ្លូវជនបទ
១០/ បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីត្រួតពិនិត្យការដឹកលើសទម្ងន់ កម្រិតកំណត់ លើផ្លូវជនបទ និងធ្វើវិសោធនកម្មអនុក្រឹត្យ ស្តីពីការផាកពិន័យការដឹកជញ្ជូន លើសទម្ងន់កំណត់លើផ្លូវជនបទ
១១/ បង្កើតក្រុមការងារ ចំពោះកិច្ចដើម្បីសម្របសម្រួល ជាមួយក្រសួងពាក់ព័ន្ធ រៀបចំអនុស្សរណៈយោគយល់គ្នា ឬប្រកាសរួមអន្តរក្រសួង និង ជាមួយស្ថាប័នពាក់ព័ន្ធពីដែនសមត្ថកិច្ច ជៀសវាងជាន់គ្នា
១២/ ពិនិត្យទិន្នន័យ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីសម្រេចឱ្យបានអត្រាគ្របដណ្ដប់ ទូទាំងប្រទេស ១០០%នៅឆ្នាំ២០៣០ ។ ក្នុងឆ្នាំ២០២៤នេះ ក្រសួងនឹងសម្រេចឱ្យបានខេត្តចំនួន ១១ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
១៣/ ត្រូវបន្តផ្តល់ជូននូវ សម្ភារបរិក្ខាបង្គន់អនាម័យ ជូនដល់ប្រជាពលរដ្ឋ តាមយន្តការមានស្រាប់
១៤/ សូមឱ្យថ្នាក់ដឹកនាំ និងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ រៀបចំសិក្ខាសាលាស្តីពីភូមិគំរូ ទាំង ៣០ និងបុរីជនបទគំរូ
១៥/ ត្រូវរៀបចំអនុស្សរណៈយោគយល់គ្នាជាមួយស្ថាប័នពាក់ព័ន្ធ ទៅនឹងភូមិគំរូ និងបុរីជនបទ
១៦/ ត្រូវរៀបចំសេចក្តីព្រាងវិសោធនកម្មអនុក្រឹត្យទាក់ទងទៅនឹងតួនាទី និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
១៧/ ត្រូវបញ្ចប់គោលនយោបាយជាតិស្តីពីអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ និងគោលនយោបាយស្តីពីផ្លូវជនបទ ក្នុងដំណាច់ឆ្នាំ ២០២៤ នេះ
១៨/ ត្រូវរៀបចំសិក្ខាសាលាដើម្បីកៀរគរធនធាន ស្តីពីឥណទានជនបទ

ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រី បានណែនាំឱ្យថ្នាក់ដឹកនាំទទួលបន្ទុក តាមមន្ទីរអភិវឌ្ឍន៍ជនបទរាធានី-ខេត្ត ចុះធ្វើការផ្សព្វផ្សាយលទ្ធផល សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និងធ្វើការផ្សព្វផ្សាយអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទាំង ១៣ ចំណុចផងដែរ៕







