ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានស្នើ នាយឧត្តមសេនីយ៍ ដុង ជីន (DONG JUN) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បន្តគាំទ្រ ដល់គោលគំនិតកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នាកន្លងទៅ ដើម្បីចូលរួមចំណែកគាំទ្រដល់ដំណើការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ។
ការស្នេីនេះធ្វេីឡេីង ក្នុងឱកាសលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមជាមួយនាយឧត្តមសេនីយ៍ ដុង ជីនរដ្ឋមន្រ្តីការពារជាតិចិន នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង ។
ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ នាយឧត្តមសេនីយ៍ ដុង ជីន (DONG JUN) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា និងបានពាំនាំការការសួរសុខទុក្ខ និងអបអរសាទរពី សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ ជូនចំពោះ លោក នាយឧត្តមសេនីយ៍ ដុង ជីន ក្នុងឱកាសដែល លោកទទួលបានការតែងតាំង ជារដ្ឋមន្រ្តីការពារជាតិ កាលពីខែធ្នូកន្លងទៅថ្មីៗនេះ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបន្តថា ទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរ ដែលបានបង្កើតឡើងដំបូង នៅក្នុងឆ្នាំ១៩៥៨ ត្រូវបានពង្រឹង និងពង្រីកក្នុងក្របខ័ណ្ឌមួយ ដែលត្រូវបានលើកកម្ពស់ កាន់តែឈានឡើងរឹងមាំជាបន្តបន្ទាប់ និងបានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពជើងគោក រំដោះប្រជាជនចិន ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រ ដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាព គុណភាពទ័ព ក្នុងរយៈពេលកន្លងមក។
លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានស្នើ នាយឧត្តមសេនីយ៍ ដុង ជីន (DONG JUN) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បន្តគាំទ្រដល់គោលគំនិតកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នាកន្លងទៅ ដើម្បីចូលរួមចំណែកគាំទ្រ ដល់ដំណើការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងយូរអង្វែង។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ដុង ជីន (DONG JUN) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា មិត្តភាពចិន-កម្ពុជា នាពេលនេះ គឺបានឈានដល់ចំនុចកំពូល ហើយក្រោមការដឹកនាំ របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ការកសាងសហគមន៍វាសនារួមគ្នា ចិន-កម្ពុជា បានឈានចូលយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។
នាយឧត្តមសេនីយ៍ ដុង ជីន (DONG JUN) បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការយោធា ដែលសម្រេចបាននាពេលកន្លងមក មានដូចជាវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល ការធ្វើលំហាត់រួមគ្នា ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងជាពិសេសការចុះហត្ថលេខាលើ អនុស្សារណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរ កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ដែលជាលទ្ធផលកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អតីតមេបញ្ជាការកងទ័ពជើងគោក សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។
នាយឧត្តមសេនីយ៍ ដុង ជីន (DONG JUN) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពជាគោលការណ៍ គាំទ្រដល់គោលគំនិត កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ និងលើកទឹកចិត្តឲ្យកងទ័ពប្រទេសទាំងពីរ បន្តស៊ីជម្រៅទំនាក់ទំនងយុទ្ធសាស្រ្ធ និងបន្តពង្រឹងយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបន្តពង្រឹងគុណភាព ប្រសិទ្ធភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងកងទ័ពទាំងពីរ ចិន-កម្ពុជា៕