តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះ បានឲ្យដឹងថា គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច របស់ប្រទេសជប៉ុន កំពុងពិចារណាដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ លើសមាជិកជាន់ខ្ពស់ របស់ខ្លួនចំនួន ៤នាក់ជុំវិញការជាប់ពាក់ព័ន្ធ របស់ពួកគេនៅក្នុងរឿងអាស្រូវ ថវិកានយោបាយ ជាមួយនឹងការមិនយល់ព្រម នៅក្នុងការបោះឆ្នោត ក្នុងចំណោមការពិន័យ ដែលអាចកើតមាន។
សមាជិកទាំងបួននាក់ដែលចោទសួរគឺ អតីតរដ្ឋមន្ត្រីអប់រំ Ryu Shionoya អតីតប្រធានគោលនយោបាយ LDP លោក Hakubun Shimomura អតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម Yasutoshi Nishimura – សមាជិកសភាតំណាងទាំងអស់ និងលោក Hiroshige Seko អតីតអគ្គលេខាធិការ LDP នៅក្នុងសភា។
យោងតាមប្រភពព័ត៌មាន នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា គ្រោងនឹងធ្វើការសាកសួរបន្ថែមនៅសប្តាហ៍ក្រោយ លើអ្នកទាំង៤ ដែលសុទ្ធតែជាសមាជិកជាន់ខ្ពស់នៃបក្សពួកដ៏ធំបំផុតរបស់បក្ស ដែលធ្លាប់ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលត្រូវបានធ្វើឃាតកាលពីខែកក្កដា ឆ្នាំ២០២២។
បក្សពួក គឺស្ថិតនៅចំកណ្តាលនៃរឿងអាស្រូវ ដែលផ្នែកខ្លះនៃប្រាក់ចំណូលរបស់គណបក្សរៃអង្គាសប្រាក់ត្រូវបានចោទប្រកាន់ថា បានប្រគល់ទៅឱ្យសមាជិកវិញ ដើម្បីបង្កើតមូលនិធិដ៏ច្របូកច្របល់។
អ្នកទាំងបួនបានចូលរួមកិច្ចប្រជុំថ្នាក់ជាន់ខ្ពស់មួយក្នុងខែមេសា ឆ្នាំ២០២២ ដែលលោក អាបេ ដែលជាប្រធានបក្សនៅពេលនោះ បានណែនាំថាការអនុវត្តផ្ទេរប្រាក់បន្ថែមទៅសមាជិករបស់ខ្លួនត្រូវបញ្ឈប់។ ពួកគេបានជួបគ្នាម្តងទៀតក្នុងខែសីហាឆ្នាំនោះបន្ទាប់ពីមរណភាពរបស់លោក អាបេ ដើម្បីពិភាក្សាពីរបៀបដោះស្រាយស្ថានការណ៍៕
ប្រែសម្រួល ឈូក បូរ៉ា