ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យប្រធាន សមាគមមិត្តភាពឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ សម្តេចធិបតី ហ៊ុន ម៉ាណែតបានលើកទឹកចិត្ត ឲ្យសមាគមមិត្តភាព ឡាវ-កម្ពុជា ខិតខំធ្វើសកម្មភាពបន្ថែមទៀត ក្នុងការសម្របសម្រួល ឱ្យមានការតភ្ជាប់ រវាងប្រទេសទាំងពីរកាន់តែច្រើន ។
ក្នុងជំនួបដែលធ្វើឡើង កាលពីរសៀលថ្ងៃទី២៥ ខែមីនា លោក ខាំបៃ ដាំឡាត់ (Khambai Damlat) ប្រធានសមាគមមិត្តភាព ឡាវ-កម្ពុជា អបអរសាទរ ចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតាំង ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ដើម្បីដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។
លោកប្រធានសមាគម ក៏បានអបអរសាទរ ចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការធ្វើឱ្យជីវភាព របស់ប្រជាជន មានភាពរីកចម្រើនកាន់តែប្រសើរ។
ព្រមជាមួយគ្នានេះ លោកប្រធានសមាគម បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ច របស់សម្ដេចធិបតី មកកាន់ប្រទេសឡាវនាឱកាសនេះ ហើយមានជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែក ក្នុងការលើកពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត។
លោកប្រធានសមាគម បានគោរពរាយការណ៍ជូនសម្ដេចធិបតី អំពីសកម្មភាពសំខាន់ៗ មួយចំនួន និងរចនាសម្ព័ន្ធ របស់សមាគមមិត្តភាពឡាវ-កម្ពុជាផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចការ របស់សមាគមមិត្តភាពកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ផងដែរ ចំពោះលោកប្រធាន សមាគមមិត្តភាពឡាវ-កម្ពុជា ដែលបានរួមចំណែកពង្រឹង ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឡាវនាពេលកន្លងមក។
សម្តេចធិបតី បានលើកទឹកចិត្ត ឱ្យសមាគមមិត្តភាពទាំងពីរខិតខំបន្ត ក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសប្រជាជនដែលរស់នៅតាមបណ្តាខេត្ត ដែលជាប់ព្រំដែនផងដែរ។
ទន្ទឹមនេះ សម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការជំរុញការប្រាស្រ័យទាក់ទង រវាងប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ដែលនឹងរួមចំណែក លើកកម្ពស់ថែមទៀត នូវពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យសំខាន់ៗ ដទៃទៀតរបស់ប្រទេសទាំងពីរ។
មុននឹងបញ្ចប់ សម្តេចធិបតី បានសង្កត់ធ្ងន់ផងដែរថា សក្តានុពលនៃកម្ពុជា និងឡាវនៅមានច្រើន និងលើកទឹកចិត្ត សមាគមមិត្តភាព រវាងប្រទេសទាំងពីរ ខិតខំធ្វើសកម្មភាពបន្ថែមទៀត ក្នុងការសម្របសម្រួល ឱ្យមានការតភ្ជាប់រវាងប្រទេស ទាំងពីរកាន់តែច្រើន៕