ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំកិច្ចប្រជុំកម្រិត ថ្នាក់ដឹកនាំ លើកទី២ នៃខែមីនា ឆ្នាំ២០២៤

ភ្នំពេញ ៖ នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃ២៥ មីនា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ក្នុងកិច្ចប្រជុំនេះ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានសំដែងការកោតសរសើរ ដល់គណៈកម្មការ រៀបចំសន្និបាត សុខាភិបាល លើកទី៤៣ ដែលបានរៀបចំ នាថ្ងៃទី១៨-១៩ មីនាកន្លងមក ដោយរក្សាបានបទពិសោធន៍ល្អៗ និងសម្រេចបានលទ្ធផល គួរជាទីមោទនៈ ព្រមទាំងទទួលបានធាតុចូលសំខាន់ៗជាច្រើន ទាំងការកែលម្អនូវចំណុចខ្វះខាតទាំងឡាយ។

ទន្ទឹមនឹងនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ មួយចំនួន ដើម្បីសម្រេច ឲ្យបានលទ្ធផល តាមផែនការការងារ សុខាភិបាល សម្រាប់ឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ តាមរយៈការអនុវត្តគោល នយោបាយនានា ឲ្យទទួលបានជោគជ័យ ដោយព្យាយាម រកដំណោះស្រាយ បានល្អប្រសើរ ស្របទៅនឹង លទ្ធភាពហិរញ្ញប្បទាន ស្ថាប័ន ជាមួយនឹង ការបង្កើន ប្រសិទ្ធភាព ការងារជាបន្តបន្ទាប់ ។ រដ្ឋមន្រ្តី ក៏បានស្នើដល់ថ្នាក់ ដឹកនាំទទួលបន្ទុក និងនាយកដ្ឋានជំនាញ ដែលចេញវិញ្ញាបនបត្របញ្ជាក់ គុណភាពអ្វីមួយ ឧទាហរណ៍អំពីចំណីអាហារជាដើម និងផ្សេងៗ ត្រូវទៅពិនិត្យឲ្យបានជាក់ លាក់មុននឹងចេញវិញ្ញាបនបត្រជូន និងយកចិត្តទុកដាក់ ចំពោះកិច្ចការងារ ដែលខ្លួនត្រូវធ្វើ និងត្រូវធ្វើយ៉ាងណា សម្រេចការងារ ដែលខ្លួនទទួលបន្ទុក ឲ្យខានតែបាន ដោយស្វះស្វែងរកគ្រប់មធ្យោបាយ ដែលល្អប្រសើរបំផុត។

ជាមួយគ្នានេះ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានរលឹក និងបញ្ជាក់លំអិត បន្ថែមទៀត អំពីទស្សនទានវិស័យសុខាភិបាល ដែលកំពុងត្រូវបាន អនុវត្តយ៉ាងសកម្ម និងបន្តធ្វើសំរាប់រយះ ពេលរហូត២៥ឆ្នាំ ជូនដល់ថ្នាក់ដឹកនាំ សុខាភិបាលគ្រប់កម្រិត ៕

To Top