ភ្នំពេញ ៖ ក្រោយពីខេត្តក្រចេះ ដែលជាខេត្តទី១៥ ត្រូវប្រកាសជាខេត្តអស់មីន នៅទូទាំងប្រទេសកម្ពុជា ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរ ។
តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា «ថ្ងៃទី២៦ មីនា គឺជាថ្ងៃប្រវត្តិសាស្រ្ត ដែលប្រជាជនខេត្តក្រចេះ បានទទួលនូវសេរីភាពរួចចាកផុតពីគំរាមកំហែងដោយសារមីន ហើយខេត្តក្រចេះ គឺជាខេត្តទី១៥ ដែលត្រូវប្រកាសជាខេត្តអស់មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា» ។
រយៈពេល ២០ឆ្នាំ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៣ នៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទឹកដីខេត្តក្រចេះ មានប្រតិបត្តិករចំនួន ៣ រួមមាន ៖ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម , មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការហេឡូត្រាស់ បានបោសសម្អាតក្នុងទំហំផ្ទៃដីជាង ១៣៣ គីឡូម៉ែត្រការ៉េ ស្មើនឹង ៧៩៥ ចម្ការមីននិងគ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីន និងសំណល់ជាតិផ្ទុះផ្សេងទៀតប្រមាណ ៦ ម៉ឺនគ្រាប់ ព្រមទាំងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជិត ៤០ ម៉ឺននាក់។
សមិទ្ធផលខេត្តក្រចេះអស់មីន គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀតក្នុងរយៈពេលជាង ៦ ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយទទួលបានការគាំទ្រ ផ្នែកហិរញ្ញវត្ថុពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន រួមជាមួយនឹងការចូលរួម ដ៏សប្បុរសបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងសប្បុរសជននានា។ រយៈពេលជាង ៦ ខែនៃរាជរដ្ឋាភិបាលអាណត្តិទី៧ មានខេត្តចំនួន ០៣ ត្រូវបានប្រកាសជាខេត្តអស់មីន រួមមាន ៖ ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ៕