ព័ត៌មានជាតិ

ប្រធានរដ្ឋឡាវ ជឿថា មរតកទំនាក់ទំនងល្អ របស់ថ្នាក់ដឹកនាំកម្ពុជា-ឡាវជំនាន់មុន នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ជំនាន់ក្រោយ

ភ្នំពេញ៖ លោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ បានបង្ហាញជំនឿជឿជាក់ថា មរតកនៃទំនាក់ទំនងដ៏ល្អរវាង ថ្នាក់ដឹកនាំកម្ពុជា-ឡាវជំនាន់មុន នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលអ្នកជំនាន់ក្រោយនឹងបន្តពូនជ្រំ ។

ការបង្ហាញជំនឿជឿជាក់ របស់ប្រធានរដ្ឋឡាវនេះ ក្នុងជំនយបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃ២៦ មីនា ។

ជាមួយគ្នានេះដែរ លោកប្រធានរដ្ឋ ក៏បានរំឭកអំពីទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់កម្ពុជាជំនាន់មុននោះរួមមាន ៖ សម្តេចតេជោ ហ៊ុន សែន, សម្តេច ទៀ បាញ់, សម្តេច សាយ ឈុំ, សម្ដេច ហេង សំរិន និងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត ដែលមានទំនាក់ទំនងដ៏ល្អ ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ និងក្ដីនឹករឭក ហើយលោកមានជំនឿជាក់ថា មរតកនៃទំនាក់ទំនងដ៏ល្អនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលអ្នកជំនាន់ក្រោយនឹងបន្តពូនជ្រំ។

លោកប្រធានរដ្ឋគូសបញ្ជាក់ថា ឡាវមានសំណាងដែលជា ប្រទេសភូមិផងរបងជាមួយកម្ពុជា និងបានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរ នឹងនៅតែរក្សាបាននូវទំនាក់ទំនងជាប្រពៃណី និងប្រវត្តិសាស្រ្តនេះ ព្រមទាំងរួមគ្នាដោះស្រាយ បញ្ហាប្រឈមជាមួយគ្នា ដើម្បីឲ្យទំនាក់ទំនងនេះកាន់តែ ប្រសើរឡើងថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ ។

ជាការឆ្លើយតប សម្ដេចធិបតីបានជម្រាប ទៅប្រធានរដ្ឋឡាវអំពីលទ្ធផល នៃកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ ដោយបានរំលេចនូវលទ្ធផល នៃកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមាន៖ កិច្ចសហប្រតិបត្តិការវិស័យថាមពល ដែលប្រទេសទាំងពីរបានចុះហត្ថលេខា និងដោះស្រាយបញ្ហាមួយចំនួន ដើម្បីធ្វើឲ្យការផ្គត់ផ្គងថាមពលអគ្គិសនីដល់កម្ពុជា ប្រកបដោយភាពច្បាស់លាស់ និងទាន់ពេល, កិច្ចការព្រំដែន ដែលសមភាគីទាំងពីរ បានឯកភាពគ្នាអនុវត្តតាមសន្ធិសញ្ញា ដែលបានចូលជាធរមាន គឺសន្ធិសញ្ញាកំណត់ព្រំដែន រដ្ឋរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាសកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ទៀត វិស័យអប់រំ ការតភ្ជាប់ ការដឹកជញ្ជូន ការសាងសង់ផ្លូវលឿនពីវៀងច័ន្ទន៍ទៅព្រំដែនកម្ពុជា និងការសាងសង់ស្ពានឆ្លងកាត់ទន្លេពៅ (ខេត្តព្រះវិហារ)/ សេឡាំផាវ (ខេត្តចំប៉ាសាក់) ជាដើម។

ទន្ទឹមនោះ លោកប្រធានរដ្ឋ បានសម្ដែងការពេញចិត្ត ចំពោះលទ្ធផលនៃកិច្ចពិភាក្សា ដែលសម្តេចធិបតីបានគូសបញ្ជាក់ ដែលនេះជាលទ្ធផល ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជា ទីបំផុតចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងស្មារតីនៃការអនុវត្តលើ ចំណុចដែលបានឯកភាពគ្នា និងការបន្តកិច្ចសហប្រតិបត្តិការ ប្រកបដោយលក្ខណៈមិត្តភាព សាមគ្គីភាព និងភារតភាព។

លោកប្រធានរដ្ឋបានបង្ហាញពីការប្ដេជ្ញាចិត្ត របស់ភាគីឡាវក្នុងការរកដំណោះលើបញ្ហា ដែលនៅសេសសល់ ជាពិសេលើផ្នែកថាមពល កិច្ចការព្រំដែន និងកិច្ចសហប្រតិបត្តិការសំខាន់ៗ ដទៃទៀត ដើម្បីឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃ ប្រទេសទាំងពីរកាន់តែប្រសើរឡើង ៕

To Top