ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ក្នុងសាលប្រជុំទីស្តីការក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្ដីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំ សុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្រ្តីសាធារណៈជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួងសុខាភិបាល។
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-26_14-00-10-1024x628.jpg)
ពិធីនេះដែរ ក៏មានការអញ្ជើញចូលពីឯកឧត្តម ស៊ុ សោភណ្ឌ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ប្រធានអង្គភាព និងមន្រ្តីរាជការនៅអង្គភាពថ្នាក់កណ្តាល ព្រមទាំងប្រតិភូនៃ បេឡាជាតិរបបសន្តិសុខសង្គម។
ពិធីផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ គឺពិតជាមានសារៈសំខាន់ សម្រាប់ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល។
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-26_14-00-24-1024x739.jpg)
រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាត្រីវិស័យបន្តដឹកនាំនាវាកម្ពុជា ឲ្យកាន់តែមានកំណើនសេដ្ឋកិច្ចរីកចម្រើន ក្នុងគោលដៅដើម្បីលើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋបន្ដអភិវឌ្ឍន៍ និងពង្រីកប្រព័ន្ធគាំពារសង្គមឈរលើស្មាតី «មិនបោះបង់ពលរដ្ឋណាម្នាក់» តាមរយៈការពង្រីកវិសាលភាពគ្របដណ្ដប់ ប្រជាពលរដ្ឋជាបណ្តើរៗ ប្រកបដោយសមធម៌ និងចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំ នៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ។
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-26_14-00-15-1024x682.jpg)
ប្រព័ន្ធសន្ដិសុខសង្គម ជាប្រព័ន្ធសម្រាប់គ្រប់គ្រងកម្មវិធីសន្ដិសុខសង្គម ដែលរៀបចំឡើងដើម្បីជួយដល់ប្រជាជន ក្នុងការបង្ការហានិភ័យហិរញ្ញវត្ថុ ពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូល ឬធ្លាក់ចូលក្នុងភាពក្រីក្រដែលបណ្ដាលមកពីជំងឺ លំហែមាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ទុព្វលភាព ជរាភាព (ឬចូលនិវត្តន៍) និងមរណភាពនៃអ្នកដែលរកចំណូលសម្រាប់គ្រួសារ នឹងជំរុញឲ្យប្រជាជនគ្រប់រូបចូលរួមសន្សំប្រាក់ ឬបង់ភាគទានជាកាតព្វកិច្ច ទៅតាមអត្រាជាក់លាក់ នៅក្នុងមូលនិធិមួយដើម្បីការពារ ហានិភ័យទាំងអស់នេះ។
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-26_14-00-17-1024x689.jpg)
ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើដល់ មន្រ្តីរាជការក្រសួងសុខាភិបាលចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីជំរុញការអភិវឌ្ឍកម្ពុជា ក៏ដូចជាប្រព័ន្ធសន្ដិសុខសង្គមនៅកម្ពុជាមានភាពរឹងមាំ ដូចតទៅ៖
-ចូលរួមអនុវត្តតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតដ្ឋានគតិយុត្តទាំងអស់ដែលពាក់ព័ន្ធនឹង របបសន្តិសុខសង្គមដែលមានជាធរមាន ដើម្បីសំដៅធានាការលើកកម្ពស់សុខុមាលភាព និងអត្ថប្រយោជន៍មន្រ្តីរាជការសាធារណៈ និងអ្នកក្នុងបន្ទុកឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
-ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល ទាំងអស់ជួយផ្សព្វផ្សាយបន្ត និងណែនាំទៅដល់សមាជិកគ្រួសារ ដែលស្ថិតក្រោមបន្ទុកទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅទីតាំងសាខា ប.ស.ស. ដែលនៅជិតលោកអ្នកបំផុតដើម្បីទទួលបាន អត្ថប្រយោជន៍ពីសន្តិសុខសង្គម។
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-26_14-00-19-1024x642.jpg)
សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិសន្ដិសុខសង្គម ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារៈកិច្ចរបស់ខ្លួនសម្រេចបាន លទ្ធផលគួរជាទីមោទកជូនជាតិ និងប្រជាជន ។
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-26_14-00-20-1024x646.jpg)
សូមគូសរំលេចផងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលអាណត្តិទី៧ បានបន្ដអនុវត្តនូវកម្មវិធីជំនួយសង្គម សំខាន់ៗមួយចំនួន រួមមាន ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ កម្មវិធីអាហារូបករណ៍ថ្នាក់បឋមសិក្សា និងមធ្យម សិក្សាសម្រាប់កុមារមកពីគ្រួសារក្រីក្រ កម្មវិធីរបបគោលនយោបាយសម្រាប់ ជនពិការក្នុងសហគមន៍ និងកម្មវិធីសាច់ប្រាក់ពលកម្មជាដើម ៕
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-26_14-00-26-1024x479.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)