ភ្នំពេញ ៖ កម្មករនិយោជិតនៃរោងចក្រ ញូ ស្កាយ ព្រីនធីង (NEW SKY PRINTING) អរគុណរាជរដ្ឋាភិបាល ដែលបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិត ដែលទាំងនេះបង្ហាញ ពីការយកចិត្តទុក្ខដាក់ អំពីសុខទុក្ខ របស់បងប្អូនកម្មករនិយោជិត នៃរោងចក្រនេះក្រោយថៅកែរត់ចោល ។
អ្នកស្រី សុខ សាវុន ដែលជាកម្មការិនីរោងចក្រ ញូ ស្កាយ ព្រីនធីង មកពីខេត្តកណ្តាល លើកឡើងថា៖«ខ្ញុំសូមអរគុណដល់សម្តេចធីបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តីថ្មី ដែលបានខិតខំបំពេញការងារ ក្នុងការដោះស្រាយ រហូតកម្មករនិយោជិតទាំងអស់ បានមកទទួលប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ផ្សេងៗជូនកម្មករគ្រប់គ្នា ។ ខ្ញុំរីករាយណាស់ដែលបានមកទទួលប្រាក់នៅថ្ងៃនេះ»។
អ្នកស្រី ឆាំ គឿន ជាកម្មការិនី នៃរោងចក្រ ញូ ស្កាយ ព្រីនធីង ម្នាក់ទៀតក៏បានលើកឡើងដែរថា ការផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនកម្មករនិយោជិត នៃរោងចក្រញូ ស្កាយ ព្រីនធីង ទាំងអស់នៅថ្ងៃនេះ គឺបានបង្ហាញឱ្យឃើញពីសមត្ថភាពដឹកនាំ និងការយកចិត្តទុក្ខដាក់ របស់ថ្នាក់ដឹកនាំមកលើកម្មករ និយោជិតទាំងអស់គ្នា ។
អ្នកស្រីថា៖«សប្បាយចិត្តណាស់ ពីព្រោះប្រាក់ដែលទទួលថ្ងៃនេះវាមានសារសំខាន់ណាស់សម្រាប់ខ្ញុំ។ រួចពីនេះទៅខ្ញុំនឹងទៅរកការងារថ្មីទៀត ដើម្បីទទួលបានប្រាក់ចំណូល មកផ្គត់ផ្គង់គ្រួសារ។ ខ្ញុំសូមអរគុណសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការងារ ដែលបានជួយរកដំណោះស្រាយ ជូនកម្មករនៅថ្ងៃនេះ»។
កញ្ញា ថន ចាន់ថូ ដែលជាកម្មការិនី នៃរោងចក្រ ញូ ស្កាយ ព្រីនធីង ម្នាក់ទៀតក៏បានអរគុណ ដល់សម្តចនាយករដ្ឋមន្រ្តី ក៏ដូចជាបណ្តាថ្នាក់ដឹកនាំទាំងអស់ ដែលខិតខំបំពេញការងារ ដោះស្រាយ ជូនបងប្អូនកម្មករនិយោជិតទាំងអស់នៅថ្ងៃនេះ ។ ការដោះស្រាយនៅថ្ងៃនេះបង្ហាញ ឱ្យឃើញពីការយកចិត្តទុកដាក់ របស់ប្រមុខថ្នាក់ដឹកនាំទាំងអស់លើសុខទុក្ខ របស់កម្មករ កម្មការិនី នៃរោងចក្រញូ ស្កាយ ព្រីនធីង។
ទន្ទឹមនឹងនេះ កម្មករនិយោជិតទាំងអស់ បានអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់ បន្តស្វែងរកការងារថ្មី តាមរយៈយន្តការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ហើយជឿទុកចិត្តមកលើដំណោះស្រាយ របស់រាជរដ្ឋាភិបាល។
គូសបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងទៅដល់កម្មករនិយោជិតនៃ រោងចក្រ ញូ ស្កាយ ព្រីនធីង (NEW SKY PRINTING) អាចមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៣ រសៀល នៅសាលាខណ្ឌដង្កោ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ ក្រសួងអំពាវនាវ ដល់បងប្អូនកម្មករនិយោជិត ដែលមិនទាន់មានការងារថ្មីធ្វើ សូមមកទទួល ឱកាសការងារថ្មី ពីមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខ របរ និងការងារ (NEA) ដែលប្រចាំការនៅសាលាខណ្ឌដង្កោ ឬមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលស្ថិតនៅក្នុង បរិវេណក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៧៧ ២៣២ ៣ ៧៨ / ០១៦ ៧៨៦ ៦៥៥ ឬតាមរយ: hotline ១២៩៧ ឬ ១២៨៦ ៕