ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤បានជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយនឹងនិស្សិតជ័យលាភី អាហារូបករណ៍ MEXT ដែលជាជ័យលាភីទៅសិក្សា នៅប្រទេសជប៉ុន ។ កម្មវិធីនេះ ធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

លោក ហេង សួរ បានរំលឹកពីការផ្តួចផ្តើមគំនិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការបង្កើតឱ្យមានកម្មវិធីជួបជុំ ជូនដំណើរដល់និស្សិត ជ័យលាភី ទៅបរទេស ដើម្បីឱ្យបានស្គាល់ពីសិស្សច្បងជំនាន់មុន ដែលធ្លាប់បានចេញទៅសិក្សា ក៏ដូចជាការចែករំលែក បទពិសោធន៍នៃការសិក្សា និង ការរស់នៅនៅបរទេសជាដើម។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បញ្ជាក់ជូនប្អូនៗ និស្សិតឱ្យខិតខំសិក្សារៀនសូត្រ ទាំងជំនាញ និងកិច្ចការទំនាក់ទំនង ក្នុងសង្គម ដែលក៏ជាចំណុចសំខាន់មួយ ក្នុងជីវិតការងារផងដែរ ។
បន្ថែមពីនេះ ក្នុងនាមនិស្សិត ដែលធ្លាប់សិក្សា នៅប្រទេសជប៉ុនដែរនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការជួយជ្រោមជ្រែង របស់រដ្ឋាភិបាលជប៉ុន ចំពោះកម្ពុជាលើការបណ្តុះបណ្តាល ធនធានមនុស្ស ដែលបានចូលរួមចំណែកអភិវឌ្ឍ សង្គមជាតិកម្ពុជា។

ក្នុងពិធីសំណេះសំណាលនោះ លោក សុង វិចិត្ត ដែលបានឡើង ថ្លែងតំណាងឱ្យក្រុមនិស្សិត បានអំណរគុណ ចំពោះលោករដ្ឋមន្ត្រី ដែលចំណាយពេល សម្រាប់ជួបសំណេះសំណាល និងផ្តល់ឱវាទដល់និស្សិតដែលនឹងទៅសិក្សា នៅប្រទេសជប៉ុនដើម្បីជាទុន ក្នុងជីវិតនៅបរទេស ៕



