ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំកម្លាំងនគរបាលជាតិ បន្តបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឱ្យមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំ និងលើកទឹកចិត្តខ្ពស់ឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ គ្រប់កម្រិត ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ និងកម្លាំងនគរបាល ដែលបំពេញបេសកកម្ម តាមតំបន់ព្រំដែននិងបណ្ដាច្រកទ្វារ បន្តបង្កើនការយកចិត្តទុកដាក់ ឱ្យបានខ្ពស់បន្ថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋាន និងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

ការថ្លែងយ៉ាងដូច្នេះរបស់ប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងនាឱកាសដឹកនាំកិច្ចប្រជុំ ស្ដីពីការងារពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅសាលប្រជុំ សម្តេចក្រឡាហោម ស ខេង នៃទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ដឹកនាំកម្លាំង ពាក់ព័ន្ធដទៃទៀត នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ។

បើតាម លោកឧបនាយករដ្ឋមន្រ្តី ស សុខា សភាពការណ៍សន្តិសុខនៅកម្ពុជា ថ្វីដ្បិតមានភាពល្អប្រសើរ ប៉ុន្តែសភាពការណ៍សន្តិសុខពិភពលោក នៅតែបន្តស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញ និង ពិបាកប៉ាន់ស្មាន។ ក្នុងន័យនេះលោក បានផ្ដល់អនុសាសន៍ឱ្យយក ចិត្តទុកដាក់ទប់ស្កាត់រាល់ បាតុភាពផ្សេងៗដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងនោះត្រូវបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងច្រកព្រំដែន ជាពិសេសការចេញចូលរបស់ជនបរទេស គ្រឿងញៀន និងអាវុធខុសច្បាប់។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពជនបរទេស នៅកម្ពុជា ជាពិសេសភ្ញៀវទេសចរ បន្តប្រយុទ្ធប្រឆាំង គ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណិត បង្កើនប្រសិទ្ធភាពលើការងារពន្លត់អគ្គិភ័យ យកចិត្តទុកដាក់ពង្រឹងកម្លាំងប្រជាការពារ ធានាប្រសិទ្ធភាពនៃការគ្រប់គ្រងអាវុធជាតិផ្ទុះ ការគ្រប់គ្រងជនអន្តោប្រវេសន៍ និងត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការគ្រប់គ្រងមន្រ្តី និងកងកម្លាំងតាមអង្គភាព។

ជាការកត់សម្គាល់ លោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថ្លែងអំណរគុណ និងលើកទឹកចិត្តខ្ពស់ដល់កម្លាំងចម្រុះ រួមទាំងកម្លាំងនគរបាលចរាចរណ៍ ជាពិសេសនៅរាជធានីភ្នំពេញ ដែលបានអនុវត្តប្រតិបត្តិការ ត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹងយ៉ាងសកម្ម និងប្រកបដោយវិជ្ជាជីវៈ ធ្វើឱ្យប្រជាពលរដ្ឋ មានការយល់ដឹងច្រើន ជាពិសេសធ្វើឱ្យអត្រាគ្រោះថ្នាក់ ស្លាប់ និងរបួស ថយចុះច្រើនជាង ពាក់កណ្ដាលធៀប នឹងមុនពេលមានការអនុវត្ត៕

To Top