ព័ត៌មានជាតិ

គណ:ប្រតិភូ ក្រុមហ៊ុនមកពីកូរ៉េ ឈ្វេងយល់ អំពីឱកាសវិនិយោគ នៅកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន មកពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh) ចូលជួបពិភាក្សាការងារ និងឈ្វេងយល់អំពីឱកាសវិនិយោគ ក្នុងប្រទេសកម្ពុជា។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើង ដើម្បីអនុញ្ញាត ឱ្យគណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ អាចឈ្វេងយល់អំពីឱកាស វិនិយោគបន្ថែមទៀត ក្នុងប្រទេសកម្ពុជា ដោយហេតុថា ក្នុងចំណោមក្រុមហ៊ុន ដែលមានវត្តមាននាឱកាសនេះ មានក្រុមហ៊ុនមួយចំនួន កំពុងមានសកម្មភាពវិនិយោគ របស់ខ្លួននៅកម្ពុជាស្រាប់ និងកំពុងសម្លឹងរកមើល ឱកាសវិនិយោគថ្មី លើវិស័យសក្ដានុពល និងវិស័យដែលទទួល បានការលើកទឹកចិត្តពី រាជរដ្ឋាភិបាលកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី លើកឡើងនាឱកាសនោះ ដោយបានជម្រាបជូនដល់បណ្ដាវិនិយោគិន អំពីសក្ដានុពលនានា ដែលជំរុញឱ្យក្រុមហ៊ុន គួរសម្រេចចិត្តជ្រើសរើសកម្ពុជាជាទីតាំង សម្រាប់វិនិយោគ រាប់បញ្ចូលទាំងស្ថេរភាពនយោបាយ សុខសន្តិភាព កំណើនសេដ្ឋកិច្ច ស្ថេរភាពអត្រាប្ដូរប្រាក់ ផលិតភាពធនធានមនុស្ស ការយកចិត្តទុកដាក់អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ភាពបើកចំហរ នៃច្បាប់វិនិយោគ ដែលនឹងផ្ដល់ ជូនការលើកទឹកចិត្ត ជាច្រើនដល់វិនិយោគិន ការយកចិត្តទុកដាក់ រៀបចំ វេទិការដ្ឋាភិបាល និងផ្នែកឯកជន សម្រាប់ដោះស្រាយ បញ្ហាប្រឈមនានា ដែលវិនិយោគិនជួបប្រទះ ក្នុងការវិនិយោគ ពិសេសគឺស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈអាស៊ាន កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ តំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។ រដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត ចំពោះគម្រោងវិនិយោ គលើវិស័យឧស្សាហកម្មធុនធ្ងន់ ដូចមាន ការដំឡើងគ្រឿងបង្គុំ Electronic, ការដំឡើងយានយន្ត Automobile, និងគម្រោងបច្ចេកវិទ្យាជាដើម៕

To Top