ព័ត៌មានជាតិ

កប៉ាល់ដឹកកុងតឺន័រ បុកជាមួយស្ពានដ៏ធំ ក្នុងទីក្រុង Baltimore សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្ស ៧នាក់បាត់ខ្លួន

AFP

បរទេស៖ អាជ្ញាធរបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកមនុស្សប្រាំពីរនាក់ បន្ទាប់ពីការបាក់ស្ពាន ដ៏សំខាន់មួយនៅក្នុងទីក្រុង Baltimore រដ្ឋ Maryland ភាគខាងកើត សហរដ្ឋអាមេរិក ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា វីដេអូបង្ហាញពីស្ពាន Francis Scott Key បានបាក់ធ្លាក់ចូលទៅក្នុងទឹក នៃទន្លេ Patapsco បន្ទាប់ពីកប៉ាល់ដឹកកុងតឺន័រ ដែលមានទង់ជាតិសិង្ហបុរីឈ្មោះ Dali បានបុកជាមួយសសរស្ពាន នៅប្រហែលម៉ោង 05:30 UTC ម៉ោង 1:30 នាទីព្រឹក ម៉ោងក្នុងស្រុកថ្ងៃអង្គារ។

អាជ្ញាធរ​បាន​និយាយ​ថា រថយន្ត​ជា​ច្រើន​គ្រឿង​ បាន​នៅ​លើ​ស្ពាន​ នៅ​ពេល​ដែល​ការ​បាក់​នេះ​កើត​ឡើង។ លោក James Wallace ប្រធានផ្នែកពន្លត់អគ្គីភ័យ នៃទីក្រុង Baltimore បានប្រាប់ក្រុម អ្នកយកព័ត៌មាន ក្នុងអំឡុងពេលនៃការធ្វើសន្និសីទ សារព័ត៌មានរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីគ្រោះមហន្តរាយ ដែលមនុស្សពីរនាក់ត្រូវបានទាញចេញពីទឹក។ ម្នាក់​ត្រូវ​បាន​គេ​ដឹក​ទៅ​មណ្ឌល​របួស​ក្នុង​សភាព​ធ្ងន់ធ្ងរ ចំណែក​ម្នាក់​ទៀត​មិន​មាន​របួសនោះទេ។

អ្នកមុជទឹកកំពុងដោះស្រាយ ជាមួយនឹងសីតុណ្ហភាព ទឹកដែលត្រជាក់ដល់ឆ្អឹងប្រហែល ៩អង្សាសេ នៅពេលពួកគេស្វែង រកជនរងគ្រោះដែលអាចកើតមានផ្សេងទៀត។

អភិបាលក្រុង Baltimore លោក Brandon Scott បានហៅការបុក របស់កប៉ាល់ ជាមួយស្ពាននេះថា “សោកនាដកម្ម ដែលមិន នឹកស្មានដល់” ។ ស្នងការប៉ូលីស Baltimore លោក Richard Worley បាននិយាយថា មិនមាន “ការចង្អុលបង្ហាញ” ការប៉ះទង្គិចគ្នាដោយចេតនានោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top