ព័ត៌មានជាតិ

សហភាព សហព័ន្ធយុវជនកម្ពុជា និងក្រសួងការងារ ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញ ការផ្សព្វផ្សាយ អំពីវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន និងការចុះឈ្មោះ ស្វែងរកការងារ

ភ្នំពេញ ៖ ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធ យុវជនកម្ពុជា បានប្រព្រឹត្ត ទៅក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយសហការី នៅមជ្ឈមមណ្ឌលម៉ានី អគារ The Kampus នារសៀលថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៤ ។ កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងជំរុញ ការផ្សព្វផ្សាយអំពី វគ្គបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និង បច្ចេកទេស ដល់សមាជិក សមាជិកា ស.ស.យ.ក.យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យការចុះឈ្មោះ ស្វែងរកការងារ និងណែនាំអំពីអាជីព។

មានប្រសាសន៍ នាឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈដែលបានជ្រើសរើសស.ស.យ.ក. ដើម្បីជំរុញការផ្សព្វផ្សាយ អំពីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន និងការចុះឈ្មោះស្វែងរកការងារ និងណែនាំអំពីអាជីព ។
ជាមួយគ្នានេះ លោក ក៏បានលើកឡើង អំពីប្រវត្តិ បេសសកម្ម និង ចក្ខុវិស័យ ស.ស.យ.ក. ផងដែរ ដោយលោកបាន គូសបញ្ជាក់ថា ស.ស.យ.ក. បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបន្តបេសសកម្មយ៉ាងខ្ជាប់ ខ្ជួនពីយុវជនជំនាន់មុន ក្នុងការចូលរួមក្នុងបុព្វហេតុ ជាតិមាតិភូមិ តាមរយៈការផ្តល់ឱកាសដល់យុវជនគ្រប់ទិសទី មករួមជាកម្លាំងសាមគ្គី ដើម្បីចូលរួមចំណែកក្នុង ការអភិវឌ្ឍប្រទេសជាតិ។

ទន្ទឹមនឹងនេះ លោក ហេង សួរ បានលើកឡើងថា កិច្ចសហប្រតិបត្តិការ ជាមួយស.ស.យ.ក.នេះ កើតឡើងដោយសារ ការមើលឃើញពីវិសាលភាពនៃរចនាសម្ព័ន្ធរបស់ស.ស.យ.ក. ដែលមានលក្ខណៈទូលំទូលាយ និងសាយភាយ ទូទាំងប្រទេស ដែលអាចផ្តល់ជា លទ្ធផលខ្ពស់ក្នុងការជំរុញ ក្នុងការផ្សព្វផ្សាយ នូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់សមាជិក ស.ស.យ.ក. និងយុវជនទូទៅឱ្យកាន់ តែមានសក្តានុពល ។
លោកបានបន្ថែមថា អនុស្សរណៈនេះ នឹងសម្របសម្រួល ដល់សមាជិក សមាជិកា ស.ស.យ.ក. យុវជនទូទៅ ក្នុងការចុះឈ្មោះស្វែងរកការងារ បន្ទាប់ពីទទួលបានការផ្សព្វផ្សាយ ព័ត៌មានអំពីឱកាសការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមជម្រាបថា ស.ស.យ.ក. គឺជាអង្គការយុវជនមួយ ដែលបាន និងកំពុងបន្តបេសសកម្ម ពីសមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានបដិសន្ធិនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។ បច្ចុប្បន្ននេះ ស.ស.យ.ក. មានរចនាសម្ព័ន្ធទូលំទូលាយ ទូទាំងប្រទេស ហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងអនុញ្ញាតឱ្យទីស្នាក់ការ ស.ស.យ.ក.នៅតាមបណ្តារាធានីខេត្ត ក្លាយជាប៉ូលការងារ សម្រាប់យុវជនមកស្វែង រកព័ត៌មានដើម្បីទទួលបានឱកាស និងជំនាញពិតប្រាកដ ៕

To Top