ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាថ្ងៃ២៦ មីនា បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៤៤៤នាក់ ដើម្បីពង្រឹងការដឹកនាំនិងគ្រប់គ្រងស្ថាប័ន សុខាភិបាលដែលជា យុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់អនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។


ក្នុងសប្តាហ៍នេះវគ្គសិក្សាផ្តោតលើការដឹកនាំ និងការលើកទឹកចិត្តក្រុមការងារប្រកបដោយប្រសិទ្ធភាព ដែលមានគោលបំណងឲ្យថ្នាក់ដឹកនាំ អង្គភាពសុខាភិបាលគ្រប់ឋានានុក្រម បានដឹងពីលក្ខណៈសំគាល់ទាំង៨ របស់ក្រុមការងារដែលធ្វើការ មានប្រសិទ្ធភាពរួមមាន ៖១) ក្រុមការងារមានគោលបំណងច្បាស់លាស់ , ២) មានការចែករំលែកក្នុងភាពជាអ្នកដឹកនាំក្នុងក្រុម , ៣) មានរចនាសម្ព័ន្ធសមល្មមសម្រាប់ ធ្វើឲ្យការងារដំណើរការទៅមុខ , ៤) បានកៀរគរការចូលរួមពេញលេញពីសមាជិកក្រុម , ៥) ក្រុមការងារក្រសោបនិងផ្តល់តំលៃលើភាពខុសៗគ្នារបស់សមាជិកម្នាក់នៃក្រុម , ៦) សមាជិកនៃក្រុមបន្តរៀនសូត្រពីអ្វីដែល កើតឡើងដោយមិនបានព្រាងទុកជាមុន , ៧) សមាជិកនៃក្រុមប្រឹងប្រែងក្នុងការពង្រឹង ទំនាក់ទំនងរវាងគ្នាទៅវិញទៅមក និង៨) សមាជិកសម្រេចបាននូវ លទ្ធផលដ៏ត្រចះត្រចង់។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ឲ្យថ្នាក់ដឹកនាំ ទាំងអស់យកទ្រឹស្តីនៃការដឹកនាំក្រុមការងារនេះ ធ្វើការឆ្លុះបញ្ចាំងទៅលើ ក្រុមការងារដែលមានស្រាប់ ដោយប្រើប្រាស់ឧបករណ៍វាយតំលៃកំលាំង របស់ក្រុមសំដៅស្វែងរកការកែលំអរ ដើម្បីរៀបចំក្រុមការងារដែលផ្តោតលើការ ផ្តល់សេវាដែលមានគុណភាពដល់អតិថិជន និងសម្រាប់មន្រ្តីសុខាភិបាលក្រោមឱវាទ ៕



