ព័ត៌មានជាតិ

សហគ្រាស​ ឧស្សាហកម្មធំៗ១៧ របស់ចិន បង្ហាញចំណាប់អារម្មណ៍ និងបំណងពង្រីក វិនិយោគបន្ថែមទៀត នៅកម្ពុជា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យលោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. និងប្រតិភូ សហគ្រាស ឧស្សាហកម្មធំៗ ចំនួន១៧ របស់ចិន ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ ខណៈក្រុមហ៊ុនទាំងនោះ បង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីក ការវិនិយោគបន្ថែមទៀត នៅកម្ពុជា។

ក្នុងឱកាសនៃជំនួប លោក ស៊ិន មីងរ៉ុង ប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចធិបតី ដែលបានចំណាយពេល ដ៏មមាញឹកអនុញ្ញាត ឲ្យរូបលោក និងប្រតិភូសហគ្រាសឧស្សាហកម្ម ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ ព្រមទាំងបានអរគុណ ជូនចំពោះរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ និងសម្របសម្រួល ដល់កិច្ចដំណើរការវិនិយោគ របស់សហគ្រាសឧស្សាហកម្មនៅកម្ពុជា នាពេលកន្លងមក។

លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញ ការប្ដេជ្ញាចិត្តក្នុងការជំរុញ និងពង្រីកការវិនិយោគ ក៏ដូចជាការទាក់ទាញនូវវិនិយោគិនថ្មីៗបន្ថែមទៀត មកកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេស គឺសំដៅប្រែក្លាយខេត្តព្រះស៊ីហនុទៅជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

បន្ថែមលើនេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាប ជូនសម្ដេចធិបតី អំពីបណ្តាសហគ្រាស ឧស្សាហកម្ម ដែលបានអញ្ជើញចូលរួមក្នុង ដំណើរទស្សនកិច្ចនេះ មានក្រុមហ៊ុនចំនួន១៧ មានជំនាញ និងប្រកបអាជីវកម្មលើវិស័យជាច្រើន រួមមាន ៖ វិស័យវាយនភ័ណ្ឌ, បច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម, ហិរញ្ញវត្ថុ និងធនាគារ, ថាមពល, ការគ្រប់គ្រងសំណល់ និងទឹកស្អាត, អចលនទ្រព្យ, គម្រោងអភិវឌ្ឍជនបទ, ធានារ៉ាប់រង, បរិស្ថាន, ក៏ដូចជាក្រុមហ៊ុនវិនិយោគ ដែលផលិតនូវផលិតផលផ្សេងៗ ដូចជា ក្រដាស និងដែក ។ លោកប្រធានក្រុមហ៊ុន ក៏បានស្នើសុំការស្វែងយល់ បន្ថែមអំពីគោលនយោបាយ និងយុទ្ធសាស្ត្រ ក្នុងការទាក់ទាញការវិនិយោគរបស់រាជរដ្ឋាភិបាល, គោលនយោបាយក្នុងការគ្រប់គ្រង និងការបង្វិលប្រាក់វិនិយោគ, គោលនយោបាយ នៃការគ្រប់គ្រងកំលាំងពលកម្មទាំងក្នុងស្រុក និងពលករជំនាញបរទេស, និងគោលនយោបាយផ្នែក ថាមពលបៃតង និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ។

ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុន ឧស្សាហកម្មដែលបានបោះទុនវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា ដែលនេះបង្ហាញពីការជឿជាក់ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំពោះគោលនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញការវិនិយោគ ។ សម្ដេចធិបតី បញ្ជាក់ជូនប្រធានក្រុមហ៊ុន និងគណៈប្រតិភូថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ភ្ជាប់នូវគោល នយោបាយបើកចំហ ប្រកបដោយភាពបត់បែន និង ជាក់ស្តែងនិយម ដោយរក្សាភ្ជាប់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ នៅក្នុងតំបន់ និងពិភពលោក ដើម្បីធានាបាននូវការប្រកួតប្រជែង និងការផ្ដល់នូវបរិយាកាសវិនិយោគល្អប្រសើរ។

បន្ថែមលើនេះ សម្តេចធិបតី បានគូសរំលេចថា រាជរដ្ឋាភិបាល ក៏បាននិងកំពុងដាក់ចេញគោលនយោបាយអាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការធ្វើការកែទម្រង់វិស័យអប់រំ និងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ក៏ដូចជាបន្តពង្រឹងកម្មវិធីការបង្កើនជំនាញ (Upskilling) និង ការផ្លាស់ប្តូរជំនាញ (Reskilling) ដើម្បីធានាបាននូវធនធានមនុស្ស ជាពិសេសកម្លាំង ពលកម្មជំនាញ ដែលអាចឆ្លើយតប ទៅតាមតម្រូវការជាក់ស្តែង របស់ក្រុមហ៊ុនឧស្សាហកម្ម និងទីផ្សារការងារ ។ ចំពោះគោលនយោបាយ នៃការគ្រប់គ្រង និងការបង្វិលប្រាក់វិនិយោគ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ លំហូរមូលធន ដោយមានភាពសេរី ហើយវិនិយោគិន អាចមាន លទ្ធភាពក្នុងការផ្ទេរ មូលធនវិនិយោគចេញ និងចូល តាមប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន ដែលនេះជាការផ្ដល់នូវភាពងាយស្រួល និងការគាំទ្រដល់ដំណើរ ការវិនិយោគ នៅក្នុងកម្ពុជា ។ សម្ដេចធិបតី ក៏បានបន្ថែមទៀតថា នាពេលបច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត ប្រមាណជាង ៦០% និងបានកំពុងបន្តជំរុញការប្រើប្រាស់ ថាមពលស្អាតនេះឲ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០។

មុននឹងបញ្ចប់ សម្ដេចធិបតី បានបញ្ជាក់ ជូនលោកប្រធានក្រុមហ៊ុន និង គណៈប្រតិភូអំពីការបន្តយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក្នុងការវិនិយោគ ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗដូចជា ផ្លូវលឿន អាកាសយានដ្ឋានអន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដើម្បីតភ្ជាប់កម្ពុជាទៅតំបន់ និងសកលលោក ៕

To Top