ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ាឲ្យថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកមន្ទីរពេទ្យកុមារជាតិ ត្រូវខិតខំពង្រីកសមិទ្ធផល វិជ្ជមានថែមទៀត និងកាត់បន្ថយ ចំណុចអវិជ្ជមាន

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធីបើក សន្និបាតបូកសរុបការងារ សុខាភិបាល ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ លើកទី១០ របស់មន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី២៧ មីនា បានស្នើឲ្យថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកមន្ទីរពេទ្យទាំងអស់ ត្រូវខិតខំពង្រីកនូវសមិទ្ធផលវិជ្ជមានបន្ថែមទៀត និងកាត់បន្ថយចំណុចអវិជ្ជមាន និងចំណុចខ្វះខាតដែលមាន ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា ចំពោះសមិទ្ធផលវិជ្ជមាន គឺត្រូវបង្កើនសមត្ថភាព ផ្តល់សេវាឲ្យកាន់តែមានគុណភាព ដើម្បីធ្វើឲ្យប្រជាជន កាន់តែមានភាពកក់ក្តៅ មកលើការផ្តល់សេវាសុខាភិបាល ។

ឆ្លៀតក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្ដល់នូវទស្សនទានមួយ ចំនួនដល់សមាជិក សមាជិកា នៃអង្គសន្និបាត ទាំងមូលនូវធាតុចូល យកទៅពិចារណា ក្នុងការរៀបចំនូវផែនការ និងទិសដៅ សម្រាប់ការងារនៅក្នុងឆ្នាំ២០២៤ មានជាអាទិ៍ ៖
១- ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធ របស់មន្ទីរពេទ្យដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមន្ទីរពេទ្យឲ្យកាន់តែប្រសើរឡើង
២- លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀត ដល់វេជ្ជបណ្ឌិត មន្ត្រី បុគ្គលិកមន្ទីរពេទ្យ ឲ្យកាន់តែប្រសើរឡើង សមស្របទៅ តាមកម្រិតស្តង់ដារជាតិ និងអន្តរជាតិ
៣- ពង្រឹងការគ្រប់គ្រង និងការបំពាក់បន្ថែមសម្ភារៈបរិក្ខារ ឱសថ ឆ្លើយតបទៅតាមបច្ចេកវិទ្យាវេជ្ជសាស្ត្រជាអាទិភាព ទៅតាមសេចក្តីត្រូវការរបស់អ្នកជំងឺ
៤- យកចិត្តទុកដាក់ឲ្យបានខ្ពស់ លើការគ្រប់គ្រងការផ្តល់សេវា ជូនដល់ប្រជាជន និងកុមារឲ្យកាន់តែប្រសើរឡើង
៥- ពង្រឹងសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងការងារយាមប្រចាំការ ក្នុងការផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃ ក្នុង១សប្តាហ៍ របស់មន្ត្រី បុគ្គលិកគ្រប់ផ្នែក
៦- ពង្រឹងលើការលើកកម្ពស់គុណភាព សុវត្ថិភាពក្នុងការព្យាបាលជំងឺ ពិសេសសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនងផ្សេងៗ
៧- ពង្រឹងការងារគ្រប់គ្រង និងអភិបាលកិច្ចលើគ្រប់ផ្នែកទាំងអស់ របស់មន្ទីរពេទ្យ។

ជាមួយគ្នានេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏មានជំនឿយ៉ាងមុតមាំថា រយៈពេលមួយថ្ងៃនេះ អង្គសន្និបាតនឹងទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ដែលបានមកពីការអនុវត្តជាក់ស្តែង របស់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល ដែលអាចយកទៅប្រើប្រាស់ ជាចំណេះដឹងក្នុងការកែលម្អ និងរៀបចំផែនការការងារ របស់មន្ទីរពេទ្យនាឆ្នាំ២០២៤ ឲ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ៕

To Top