ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ ប្រតិបត្តិការប្រឆាំង ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត របស់កម្ពុជា មានតម្លៃជាសាកល

ភ្នំពេញ ៖ សម្រាប់ក្របខណ្ឌ នៃកិច្ចប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធ អ៊ីនធើណិត និងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ត្រូវបាន លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកថា «ជាបេសកកម្ម ដែលមានតម្លៃជាសាកល»។

នេះជាការលើក របស់លោកឧបនាយករដ្ឋមន្រ្តី ក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ បូកសរុបលទ្ធលការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ នៅថ្ងៃទី២៧ មីនា ។

លោកឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ឆ្លងកាត់ប្រតិបត្តិការយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ជាបន្តបន្ទាប់ ចាប់ពីអាណត្តិទី៦ ដល់រយៈពេល៧ខែ ដើមអាណត្តិទី៧នេះ សមត្ថកិច្ចកម្ពុជា បានរកឃើញថា ភាគច្រើននៃឧក្រិដ្ឋកម្ម បង្កឡើងដោយមេក្លោងជាជនបរទេស និងមានគោលដៅធ្វើឲ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ជនបរទេស នៅឯក្រៅប្រទេស។

គួរកត់សម្គាល់ថា ក្នុងរយៈពេល ប្រមាណ៦ខែ ដើមនីតិកាលទី៧នេះ អាជ្ញាធរកម្ពុជា បានទទួលពាក់បណ្ដឹងពាក់ព័ន្ធ នឹងអំពើជួញដូរមនុស្សប្ដឹង ដោយជនបរទេសប្រមាណ១ ០០០ករណី ប៉ុន្តែបទល្មើសជាក់ស្តែង មានប្រមាណតែជាង១៥០ករណីប៉ុណ្ណោះ ខណៈករណីផ្សេងទៀត គឺជាការក្លែងបន្លំធ្វើជាជនរងគ្រោះ ដើម្បីបិទបាំងភាពខុសច្បាប់របស់ខ្លួន ក្នុងគោលបំណងគេចវេស ពីការទទួលខុសត្រូវក្នុងបទល្មើសអន្តោប្រវេសន៍ និងបទល្មើសឧក្រិដ្ឋដែលប៉ុនប៉ងប្រព្រឹត្តនៅ កម្ពុជា ឬការលាក់ខ្លួនធ្វើការងារដោយមិនមានការអនុញ្ញាតជាដើម។

ដោយឡែក សម្រាប់ការងារប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត ដូចជាអំពើឆបោក និងការប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីបង្កើតបណ្ដាញលេងល្បែង អនឡាញខុសច្បាប់ ក៏ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដែរ ។ ជាក់ស្ដែងក្នុងកិច្ចប្រតិបត្តិការ នៅខេត្តព្រះសីហនុក្នុងអំឡុង ដើមខែមីនាមកនេះ អាជ្ញាធរកម្ពុជា បានស្រាវជ្រាវ និងឈានទៅធ្វើប្រតិបត្តិការ បង្ក្រាបទីតាំងប្រព្រឹត្តិល្បែង អនឡាញខុសច្បាប់ចំនួន២ទីតាំង ដោយឃាត់ខ្លួនមេក្លោង និងអ្នកប្រព្រឹត្តប្រមាណ៤០០នាក់។

បើតាម លោកឧបនាយករដ្ឋមន្ដ្រី ទាំងមេក្លោង នៃអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត សុទ្ធតែត្រូវបានបញ្ជូនទៅតុលាការផ្តន្ទាទោស ចំណែកអ្នកពាក់ព័ន្ធ ដែលខ្លះមកធ្វើការដោយខុសច្បាប់ និងខ្លះទៀតរងការឆបោកជាដើម ត្រូវបានអនុវត្តនីវិធីបណ្ដេញចេញពីកម្ពុជា ដោយដាក់ឈ្មោះ ក្នុងបញ្ជីខ្មៅ។ លោកឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ជាថ្មី អំពីការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ មិនអនុញ្ញាតឲ្យជនបរទេស ឬជនជាតិខ្មែរណាម្នាក់ ប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីបំផ្លាញផលប្រយោជន៍កម្ពុជា និងមនុស្សជាតិលើពិភពលោកឡើយ ៕

To Top