ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីសុវត្ថិភាពអគ្គិភ័យ នៅតាមសហគ្រាស គ្រឹះស្ថាន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពអគ្គិភ័យ អគ្គិសនី ការងារ ដែលមានហានិភ័យ និងការងារផ្សារ ដល់តំណាងសហគ្រាស គ្រឹះស្ថាន និងក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស គ្រឹះស្ថាន ដែលធ្វើឡើង នៅទីស្តីការក្រសួង ដោយមានអ្នកចូលរួម សរុបប្រមាណជិត ២០០នាក់ ។

លោក ផេង សុខាំ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកវគ្គ បណ្តុះបណ្តាលនេះ មានសារៈសំខាន់ណាស់ ចំពោះសហគ្រាស គ្រឹះស្ថាន ជាពិសេស សម្រាប់ក្រុមការងារសុវត្ថិភាព និងសុខភាពប្រចាំ សហគ្រាស គ្រឹះស្ថាន និងអ្នកពាក់ព័ន្ធដែលអនុវត្តការងារផ្ទាល់ និងចូលរួមត្រួតពិនិត្យលក្ខខណ្ឌ សុវត្ថិភាពការងារនៅកន្លែងធ្វើការ។

លោករដ្ឋលេខាធិការ សង្កត់ធ្ងន់ថា ក្រុមការងារសុវត្ថិភាព និង សុវត្ថិភាពការងារ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងយន្តការចុងក្រោយ នៃប្រព័ន្ធគ្រប់គ្រង សុវត្ថិភាព និងសុខភាពការងារនៅថ្នាក់សហគ្រាស គ្រឹះស្ថាន និងចូលរួមលើកកម្ពស់ការតាមដាន ត្រួតពិនិត្យ និងបង្ការករណីគ្រោះ អគ្គិភ័យនៅកន្លែងធ្វើការ ឱ្យកាន់តែប្រសើរឡើង ។ ជាការពិតណាស់ ដើម្បីសម្រេចបាននូវការកសាងវប្បធម៌ នៃការបង្ការសុវត្ថិភាព និងសុខភាពការងារ និងគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ វាជាទស្សនៈវិស័យដ៏វែងឆ្ងាយ ដែលទាមទារការចូលរួមយ៉ាងសកម្ម និងការបេ្តជ្ញាចិត្តរបស់គ្រប់ភាគីទាំងអស់ រួមមានរាជរដ្ឋាភិបាល អង្គការ និយោជក អង្គការកម្មករនិយោជិត អ្នកជំនាញផ្នែកសុវត្ថិភាព និងសុខភាពការងារ ដើម្បីប្រែក្លាយការបង្ការសុវត្ថិភាព និងសុខភាពការងារ ទៅជាវប្បធម៌នៅកន្លែងធ្វើការ និងការរស់នៅប្រចាំថ្ងៃ ។

លោកទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បញ្ជាក់ថា ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់អគ្គិភ័យកើតឡើងនៅកន្លែងធ្វើការ និយោជក គួរតែ៖

-អនុវត្តការវាយតម្លៃហានិភ័យអគ្គិភ័យ ដោយពិចារណាលើមូលហេតុចំបងៗ ដែលជាធាតុផ្សំនាំ ឱ្យមានអគ្គិភ័យកើតឡើង
-ត្រួតពិនិត្យប្រភពដែលនាំឱ្យមានចំហេះកើតឡើង និងរក្សាទុកសារធាតុងាយឆាប់ឆេះ ឱ្យដាច់ដោយឡែកពីគ្នា
-ជៀសវាងការកើតមានអគ្គិភ័យជាយថាហេតុ ត្រូវប្រាកដថា រាល់បរិក្ខា និងឧបករណ៍បង្ការ និងពន្លត់នៅដំណើរការ និងត្រួតពិនិត្យជាប្រចាំ
-ធានាបាននូវការថែរក្សាអនាម័យ ឱ្យបានល្អគ្រប់ពេលវេលា (ឧ. ជៀសវាងការប្រមូលផ្តុំសំរាមដែលអាចឆេះបាន)
-រៀបចំប្រព័ន្ធកំណត់អត្តសញ្ញាណ និងជូនដំណឹងអគ្គិភ័យ ក្នុងករណីមានអគ្គិភ័យកើតឡើង និងត្រួតពិនិត្យជាប្រចាំ (ឧ. ការដំឡើងសំឡេងរោទិ៍ផ្សែង និងសំឡេងរោទិ៍ភ្លើង ឬកណ្តឹង)
-មានឧបករណ៍ពន្លត់អគ្គិភ័យ ត្រឹមត្រូវសម្រាប់ពន្លត់ភ្លើង ឱ្យបានទាន់ពេលវេលា
-រៀបចំគំនូសប្លង់ជម្លៀសខ្លួន ដែលបង្ហាញអំពីសញ្ញាបង្ហាញផ្លូវ និងច្រកគ្រាអាសន្នឱ្យបានច្បាស់លាស់ មិនមានឧបសគ្គ និងចាក់សោរនៅម៉ោងធ្វើការ
-រៀបចំការបណ្តុះបណ្តាលអំពីនីតិវិធីជម្លៀសខ្លួន និង ហ្វឹកហាត់ពន្លត់អគ្គិភ័យ ដល់កម្មករ និយោជិតឱ្យបានទៀងទាត់
-ពិនិត្យ និងធ្វើបច្ចុប្បន្នភាព ការវាយតម្លៃហានិភ័យ របស់ឱ្យបានទៀងទាត់ ៕





