ព័ត៌មានជាតិ

គណៈប្រតិភូកូរ៉េ បង្ហាញបំណងពង្រីក​និងជំរុញការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាមួយកម្ពុជា

ភ្នំពេញ៖​ ប្រធានគណៈប្រតិភូ និងសមាជិកគណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េ បានវាយតម្លៃខ្ពស់ និងកោតសរសើរ​ ចំពោះការរីកចម្រើន​ ផ្នែកសេដ្ឋកិច្ច​របស់កម្ពុជា និងបង្ហាញបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការជំរុញការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ស្របតាមកិច្ចព្រមព្រៀង​ ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលបានចូលជាធរមាន ។

ការបង្ហាញបំណងរបស់​ គណៈប្រតិភូ និងសមាជិកគណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េខាងលេីនេះ​ ធ្វេីឡេីងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ​អនុញ្ញាតឱ្យលោក In-Kyo CHEONG រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ និងលោក CHANG Dae-Whan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃបណ្តាក្រុមហ៊ុនកូរ៉េជាច្រើន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព​ ។

ក្នុងជំនួប​នេះ​ លោកសហប្រធានគណៈប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់​ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស​ របស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការបំពេញតួនាទីលើឆាកអន្តរជាតិ​ របស់កម្ពុជា​ ប្រកបដោយភាពជោគជ័យ ដូចជាការធ្វើជាប្រធានអាស៊ាន និងកិច្ចប្រជុំកំពូល​ ពាក់ព័ន្ធកាលពីឆ្នាំ២០២២ ។

ជាមួយគ្នានេះ លោកសហប្រធានគណៈប្រតិភូ និងសមាជិកគណៈប្រតិភូ បានវាយតម្លៃខ្ពស់ និងកោតសរសើរ​ ចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ច​ នៃព្រះរាជាណាចក្រកម្ពុជា និងបង្ហាញបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការជំរុញការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ស្របតាមកិច្ចព្រមព្រៀង​ ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលបានចូលជាធរមាន ។

តាមរយ:កិច្ចព្រមព្រៀង CKFTA នេះ, ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​ រីកចម្រើនគួរឱ្យកត់សម្គាល់។លោកសហប្រធានគណៈប្រតិភូ ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការ និងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួន រួមមាន៖ វិស័យអប់រំ ទេសចរណ៍ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ វិស័យកសិកម្ម ថាមពល បរិក្ខារអេឡិចត្រូនិក រថយន្ត និងគ្រឿងបង្គុំ សេវាម្ហូបអាហារ និងវិស័យសារព័ត៌មាននៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ប្រកបដេាយក្តីរីករាយដែលបានជួបពិភាក្សាការងារ​ ជាមួយគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់​ ចំពោះបណ្តាក្រុមហ៊ុនកូរ៉េ ដែលបានបោះទុនវិនិយោគ និងបង្ហាញចំណាប់អារម្មណ៍ ក្នុងការពង្រីកការវិនិយោគថ្មីៗបន្ថែមទៀត​ នៅកម្ពុជា។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់​ ជូនគណៈប្រតិភូផងដែរថា តាមរយៈការធានា និងរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជា​ អាចសម្រេចបាន នូវកំណើនសេដ្ឋកិច្ច ដ៏រឹងមាំ និងឆាប់រហ័ស ប្រកបដោយភាពធន់​ ក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះ។

បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ជូនដល់គណៈប្រតិភូអំពីគោលនយោបាយ​ ក្នុងការទាក់ទាញ ក៏ដូចជាផ្ដល់ការលើកទឹកចិត្តដល់វិនិយោគិននៅកម្ពុជា តាមរយៈការអនុវត្តច្បាប់ស្តីអំពីវិនិយោគ​ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការដាក់ចេញនូវគោលនយោបាយជាក់ស្ដែង ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងសកលលោក។

ទន្ទឹមនោះ សម្ដេចធិបតីបានគូសរំលេច​ អំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការបន្ថែមទៀត​ ក្នុងការគាំទ្រ និងដោះស្រាយនូវបញ្ហាប្រឈមនានា​ របស់វិនិយោគិននៅក្នុងកម្ពុជា តាមរយៈការរៀបចំ​ នូវវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រមទាំងដាក់ចេញ​ នូវគំនិតផ្ដួចផ្ដើមថ្មីៗ​បន្ថែមទៀត ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯ‍កជន (Public-Private Partnership)។

សម្ដេចធិបតី ក៏បានបញ្ជាក់​ ជូនគណៈប្រតិភូផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវគោលនយោបាយជាអាទិភាព​ ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការកែទម្រង់វិស័យអប់រំ កម្មវិធីសិក្សា ការពង្រីកនូវការបណ្តុះបណ្តាល STEM  និង STEAM  និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ​ ប្រកបដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។

មុននឹងបញ្ចប់ សម្តេចធិបតី បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា​ បន្តបើកចំហចំពោះការវិនិយោគមកពីគ្រប់បណ្តាប្រទេសទាំងអស់ ដោយឈរលើភាពបត់បែន និងភាពជាក់ស្តែងនិយម និងការដាក់ចេញ​ នូវគោលនយោបាយក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន ដែលកំពុងធ្វើប្រតិបត្តិអាជីវកម្ម​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សានូវបរិយាកាសវិនិយោគ ក៏ដូចជារក្សានូវភាពប្រកួតប្រជែង​ ក្នុងគោលបំណងថែរក្សាវិនិយោគិន ដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតមកព្រះរាជាណាចក្រកម្ពុជា ៕

To Top