កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅល្ងាចថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ បានអញ្ជើញ ប្រារព្ធពិធីបើក ការបោះជំរំយុវជនខេត្តកំពង់ចាមក្រោមប្រធានបទ «យុវជនសតវត្សទី២១ ជួយសង្គមជាតិ» ។ វិធីនេះធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យកោះសូទិន ក្នុងស្រុកកោះសូទិន ដោយមានការអញ្ជើញ ចូលរួមជាអធិបតី ពីលោកស្រី ស្រូយ សុជាតិ អគ្គនាយក នៃនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
ក្នុងឱកាសសំណេះសំណាលជាមួយយុវជន អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំការបោះជំរំយុវជន ខេត្តកំពង់ចាម ដោយលើកយកប្រធានបទ «យុវជនសតវត្សទី២១ ជួយសង្គមជាតិ» ដែលជាប្រធានបទមួយ ដ៏ល្អប្រពៃថ្លៃថ្លា សម្រាប់ក្មួយៗប្រើប្រាស់ពេលវេលា ដ៏មានតម្លៃនេះ ដើម្បីពង្រឹង និងអភិវឌ្ឍនសមត្ថភាព យល់ពីសារៈប្រយោជន៍ នៃការចូលរួមរបស់យុវជន ក្នុងសហគមន៍ ការគ្រប់គ្រងដំណើរ ការក្រុមប្រឹក្សាយុវជនកម្ពុជា និងរៀបចំផែនការសកម្មភាពក្លឹបសិក្សា របស់ខ្លួនឱ្យបាន កាន់តែរឹងមាំ រីកចម្រើនថែមទៀត។
លោកអភិបាលខេត្តថ្លែងបន្តថា ការបោះជំរំយុវជន ជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ក្នុងការងារអប់រំ ពីព្រោះការងារ បោះជំរំនេះ ធ្វើឱ្យយុវជន អភិវឌ្ឍជំនាញទន់របស់ខ្លួន ដោយឱ្យក្មួយៗចេះសង្កេត ចេះពិចារណា ចេះបង្កើនស្មារតី ធ្វើការងារជាបុគ្គល ជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព និងជាបុគ្គល ចេះទទួលខុសត្រូវ ក្នុងស្មារតីមិត្តភាព ។ ម្យ៉ាងទៀតការបោះជំរំយុវជនជាការងារបង្កលក្ខណៈ ឱ្យយុវជនស្គាល់ភូមិសាស្រ្ត តម្លៃពិតនៃធម្មជាតិ ចេះស្រឡាញ់ ការពារបរិស្ថាន និងទទួលបានចំណេះដឹង បំណិននានាបន្ថែម ទៅតាមគោលដៅ និងគោលបំណងដែល គណៈកម្មការរៀបចំកម្មវិធី ជំរំបានគ្រោងទុក ។
ការបោះជំរំ គឺជាការបង្ហាត់បង្ហាញពីការងារគ្រប់គ្រង តាមបែបប្រព័ន្ធគ្រប់គ្រងស្វ័យគ្រប់គ្រង ដែលគណៈកម្មការបានរៀបចំបែងចែកជាក្រុម ជាសាខា និងប្រគល់កិច្ចការទទួល ខុសត្រូវតាមឋានានុក្រម ដូចជាប្រធាន អនុប្រធានក្រុម និងប្រធាន អនុប្រធានសាខា ឱ្យដឹកនាំអនុវត្ត។ ទាំងអស់នេះហើយដែល គេហៅថា ការរៀន ដោយការអនុវត្ត ហើយនៅពេលដែល ក្មួយៗឆ្លងកាត់ការរៀន ដោយការអនុវត្តនេះ ក្មួយៗនឹងមានស្មារតី ម្ចាស់ការលើការងារ គ្រប់គ្រង ក្មួយៗ នឹងទទួលបានបទពិសោធន៍ទៅតាមកម្មវិធីដែលគណៈកម្មការ បានកំណត់និងណែនាំ។
ទន្ទឹមនឹងនោះក្មួយៗយុវជនបានហាត់ បានរៀនតាមការអនុវត្ត ដោយផ្ទាល់ ដើម្បីអភិវឌ្ឍបំណិនជីវិតរបស់ក្មួយៗ ក្នុងរយៈពេលនៃដំណើរការបោះជំរំនេះ ។ ដូចនេះការបោះជំរំ គឺជាសកម្មភាពជំរុញ និងលើកទឹកចិត្តយុវជន ឱ្យទទួលបាននូវការអប់រំ និង ការបណ្តុះបណ្តាលអភិវឌ្ឍនបុគ្គលិកលក្ខណៈ របស់យុវជនឱ្យមានភាពពេញ លេញលើផ្នែករាងកាយ បញ្ញាស្មារតី សីលធម៌ និងបំណិន ដើម្បីឱ្យយុវជនក្លាយជា ពលរដ្ឋល្អក្នុងសង្គមជាតិ ៕