ព័ត៌មានជាតិ

កម្ពុជា អាចសម្រេចបានអន្តរកាល ទៅប្រើប្រាស់ យានយន្តអគ្គិសនី

ភ្នំពេញ ៖ ប្រទេសកម្ពុជា អាចសម្រេចគោលដៅ ដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនី នៅលើដងផ្លូវ ប្រសិនបើអនុវត្តតាមផែនការ ដែលបានរៀបចំឡើង យ៉ាងប្រុងប្រយ័ត្នមួយ ។ នេះបើតាមធនាគារពិភពលោក បង្ហាញក្នុងរបាយការណ៍ខ្លួនមួយ ក្រោមចំណងជើងថា “អនុសាសន៍សម្រាប់រៀបចំផែនទី បង្ហាញផ្លូវថ្នាក់ជាតិស្តីពីអន្តរកាល នៃការប្រើប្រាស់យានយន្តអគ្គិសនី” ចេញផ្សាយនៅថ្ងៃ២៨ មីនា ។

របាយការណ៍នេះ ផ្តល់នូវអនុសាសន៍ សម្រាប់កិច្ចខិតខំបន្តរបស់កម្ពុជា ក្នុងការរៀបចំឡើងនូវក្របខណ្ឌគោល នយោបាយជាតិ ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី។ របាយការណ៍ក៏បានផ្តល់ទស្សនៈរួមមួយ ជុំវិញការរុករកមើលវិធីសម្រាប់ដំណើរងាកចេញពីទីផ្សារ ដែលគ្របដណ្ដប់ដោយយានយន្តប្រើប្រេងសាំង និងប្រេងម៉ាស៊ូត ដែលសុទ្ធតែត្រូវបាននាំចូលពីក្រៅ។ ក្នុងនោះមានផងដែរ នូវអនុសាសន៍ថាតើគួរបង្កើនកម្រិតណា ទាំងតម្រូវការ និងការផ្គត់ផ្គង់យានយន្តអគ្គិសនី (EVs) និងថាតើគួរត្រៀមខ្លួនដូចម្តេចខ្លះ សម្រាប់ការកើនឡើង នៃតម្រូវការថាមពលអគ្គិសនី ដែលចាំបាច់សម្រាប់សាកអាគុយយានយន្តអគ្គិសនី។

នៅខែធ្នូ ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅ ក្លាយជាសេដ្ឋកិច្ច មានអព្យាក្រឹតកាបូន នៅត្រឹមឆ្នាំ២០៥០។ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាល សម្រាប់ការដឹកជញ្ជូនគ្មានបំភាយកាបូន រួមបញ្ចូលគោលដែលមាន ៧០%នៃម៉ូតូ និង៤០% នៃរថយន្ត និងរថយន្តសាធារណៈក្នុងទីប្រជុំជន ជាយានយន្តអគ្គិសនី នៅត្រឹមឆ្នាំ២០៥០។ លើសពីនេះ រដ្ឋាភិបាលបានកំណត់គោលដៅ ពង្រីកសមត្ថភាព នៃមធ្យោបាយដឹកជញ្ជូនសាធារណៈ ឲ្យបំពេញបានរហូតដល់ទៅ ៣០% នៃតម្រូវការដឹកជញ្ជូនអ្នកដំណើរនៅក្នុងទីក្រុង គិតត្រឹមឆ្នាំ២០៥០។ ស្របគ្នានឹងការបន្តជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ចំនួនយានយន្តសរុបដែលកំពុងធ្វើចរាចរនៅលើដងផ្លូវ តាមការប៉ាន់ស្មាន អាចនឹងកើនឡើងពី៦លានគ្រឿង នាពេលបច្ចុប្បន្ន ទៅដល់ ៨លានគ្រឿង នៅឆ្នាំ២០៣០ និង ១៤លានគ្រឿងនៅឆ្នាំ២០៥០។ បច្ចុប្បន្ននេះ ចំនួនរថយន្តអគ្គិសនីដែលធ្វើចរាចរលើដងផ្លូវកម្ពុជា មានតិចជាង ១ ០០០គ្រឿង ប៉ុណ្ណោះ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “គោលដៅនៃដំណើរឆ្ពោះទៅប្រើយានយន្តអគ្គិសនី គឺអាចសម្រេចបាន ហើយវានឹងជួយកម្ពុជាឈានទៅដល់គោលដៅ អព្យាក្រឹតភាពកាបូន ប្រកបដោយមហិច្ឆតារបស់ខ្លួន”។

លោកស្រីពោលបន្តទៀតថា “ទោះជាយ៉ាងណាក៏ដោយ គោលដៅនេះទាមទារឲ្យមានការវាយតម្លៃ ដោយប្រុងប្រយ័ត្នលើការផ្លាស់ប្តូរនេះ។ ពិតណាស់ បច្ចុប្បន្នប្រជាជនកម្ពុជា ទទួលបានអត្ថប្រយោជន៍ច្រើន តាមរយៈការប្រើប្រាស់យានយន្តជជុះតម្លៃទាប ដែលនាំចូលពីបរទេស ប៉ុន្តែវាបាននាំមកនូវការខាតបង់ធំដល់បរិស្ថាន ហើយក៏នឹងក៏អាចជាឧបសគ្គមួយដល់ការកើនឡើង នូវការប្រើប្រាស់យានយន្តអគ្គិសនីផងដែរ។ យើងប្តេជ្ញាជួយរដ្ឋាភិបាលនៅក្នុងអន្តរការនេះ និងស្វែងរកមធ្យោបាយដែលអាចធ្វើទៅបាន នៅក្នុងដំណើរទៅមុខ។”

ដើម្បីធានាបានថាយានយន្តអគ្គិសនី មានវត្តមានធ្វើចរាចរលើដងផ្លូវ ច្រើនជាងយានយន្តប្រើសាំង ឬប្រេងម៉ាស៊ូត កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់ បទប្បញ្ញត្តិនៃការនាំចូល និងប្រើប្រាស់យានយន្ត ដោយប្រើវិធីសាស្រ្តរឹតបន្តឹងបន្តិចម្តងៗ។ នៅក្នុងនោះ គួរតែអនុវត្តគោលនយោបាយ ដែលតម្រូវលែងឲ្យមានយានយន្ត ដែលប្រើសាំង ឬប្រេងម៉ាស៊ូត ធ្វើចរាចរលើដងផ្លូវទៀត នៅពេល ដែលអាយុកាលរបស់វា ចូលដល់រយៈពេលជាក់លាក់ណាមួយ។ វិធីនេះនឹងបង្កើន តម្រូវការ សម្រាប់យានយន្តថ្មី និងជួយបើកផ្លូវឲ្យយានយន្តអគ្គិសនី ចូលក្នុងទីផ្សារបានកាន់តែលឿន។ សម្រាប់រយៈពេលខ្លីខាងមុខ ម៉ូតូ និងយានកង់បីប្រើអគ្គិសនី ត្រូវបានរំពឹងទុកថានឹងដើរតួនាំមុខគេ នៅក្នុងអន្តកាលឆ្ពោះ ទៅការប្រើយានយន្តអគ្គិសនី នៅកម្ពុជា។

ជាមួយគ្នានេះ លោក រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានប្រសាសន៍
ក្នុងរបាយការណ៍ ដដែលនោះថា “ការលើកកម្ពស់យានយន្តអគ្គិសនី ជាឱកាសមួយសម្រាប់កម្ពុជា ក្នុងការកាត់បន្ថយបំភាយកាបូន ក្នុងការដឹកជញ្ជូន សម្រេចបាននូវមហិច្ឆតានៃការរួមចំណែក តាមការកំណត់របស់ជាតិ និងឈានដល់អព្យាក្រឹតភាព នៃកាបូននៅឆ្នាំ២០៥០។ លើសពីនេះទៀត វានឹងជួយកម្ពុជា ក្នុងការធ្វើសមាហរណកម្ម ទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក ជំរុញការអភិវឌ្ឍឧស្សាហកម្ម និងការបង្កើតការងារ ទៀតផង” ៕

To Top