ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ចែកបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារ ងាយរងហានិភ័យ ជូនដល់ប្រជាពលរដ្ឋ ១,៧៥០ នាក់

កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២៤ នេះបានធ្វើពិធីចែកបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ជូនដល់ប្រជាពលរដ្ឋ១,៧៥០ នាក់ ។ ពិធីនេះធ្វើឡើង នៅបរិវេណព្រលានយន្តហោះ ស្ថិតក្នុងភូមិប្រសំ ឃុំរអាងស្រុកកំពង់សៀម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសំណេះសំណាលទៅកាន់អង្គពិធីថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី៧ បានដាក់ចេញនូវ គោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកម្មវិធីជាតិ ជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកិច្ចគាំពារ សង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលឯកសារទាំងពីរនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់ការតម្រង់ទិស និងការផ្តល់ការណែនាំ ដល់គ្រប់តួអង្គប្រតិបត្តិករ ទាំងអស់ អំពីនីតិវិធី នៃការអនុវត្តកម្មវិធីជំនួយ សង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន។

កម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ គឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គមដែលមានលក្ខណៈប្រក្រតី និងអចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារដែលជាជនរងគ្រោះ និងជាការធ្វើសមាហរណកម្មកម្មវិធីជាតិជំនួយសង្គម ចំនួន៥ បញ្ចូលគ្នារួមមាន៖

ទី១ ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ

ទី២ ៖ កម្មវិធីអាហារូបករណ៍ សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ

ទី៣ ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព  

ទី៤ ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនចាស់ជរា (អាយុ ៦០ ឆ្នាំឡើង)

ទី៥ ៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨៩ ០០០រៀល ក្នុងមួយខែ។

ហើយបន្ថែមលើកម្មវិធីទាំង៥នេះ កញ្ចប់គ្រួសារ ក៏មានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រ និងការឧបត្ថម្ភ ជូនអ្នកផ្ទុកមេរោគអេដស៍-ជំងឺអេដស៍ ដែលជាសមាជិកគ្រួសារក្រីក្រ ដែលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្នុងកញ្ចប់គ្រួសារ នឹងត្រូវចូលមកជំនួស កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលនឹងបិទបញ្ចប់ ដោយចាកចេញបន្តិចម្តងៗ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៤ ហើយឈានទៅអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចាប់ពីខែមេសា ឆ្នាំ២០២៤ នេះតទៅ ៕

To Top