ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែម អំពីមូលហេតុ ដែលនាំឲ្យក្រសួងព័ត៌មាន ធ្វើការព្រមាន ដល់ស្ថាប័នសារព័ត៌មានចំនួន៣ គឺព្រោះតែគេហទំព័រសារព័ត៌មានទាំងនោះ បានផ្សព្វផ្សាយព័ត៌មាន ដោយគ្មានមូលដ្ឋានប្រភពច្បាស់លាស់ ការផ្សព្វផ្សាយមិនមានតុល្យភាពព័ត៌មាន ផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ ដែលនាំឱ្យសាធារណមតិ មានការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នសាធារណៈ។
លោក ទេព អស្នារិទ្ធ បានលើកឡើងថា ក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានអនុវត្តនីតិវិធីសាកសួរ លើករណីចុះផ្សាយទាំងនេះជាបន្តបន្ទាប់ ដោយមានរបាយការណ៍ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ និងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ត្រូវបានចងក្រងទុកផងដែរ។ ផ្អែកលើការបំភ្លឺ របស់លោកចាងហ្វាងសារព័ត៌មាន ព្រមទាំងការស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃដោយម៉ត់ចត់ លើធាតុចូល និងព័ត៌មានពាក់ព័ន្ធ ក្រុមការងារជំនាញ បានទាញសេចក្តីសន្និដ្ឋានមួយថា ការផ្សាយរបស់អង្គភាពទាំងបី គ្មានមូលដ្ឋានច្បាស់លាស់ ព័ត៌មានមិនមានតុល្យភាព ហើយបានអនុវត្តលើសតួនាទី ជាអ្នកសារព័ត៌មាន ដែលជាការបំពាន ក្រមសីលធម៌វិជ្ជាជីវៈ ។
នៅក្នុងសង្គមកម្ពុជា ក៏ដូចជាសង្គមជាតិផ្សេងទៀត លើពិភពលោកដែរ ការបំពេញតួនាទី តាមក្រមសីលធម៌ វិជ្ជាជីវៈអាជីព និងការផ្សព្វផ្សាយយ៉ាងសកម្ម នូវព័ត៌មានពិត មានតុល្យភាពពីសំណាក់ អ្នកសារព័ត៌មាន ពិតជាបានចូលរួម ដល់ការអភិវឌ្ឍវិស័យព័ត៌មាន លើកតម្កើងអាជីពសារព័ត៌មាន និងរួមចំណែកដល់ការអភិវឌ្ឍសង្គម ឱ្យកាន់តែរីកចម្រើន។ ប៉ុន្តែការផលិតនិងផ្សព្វផ្សាយព័ត៌មាន ដែលប្រាសចាកនឹងក្រមសីលធម៌វិជ្ជាជីវៈ មិនគោរពតាមគោលការណ៍ប្រតិបត្តិ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន អាចនាំមកនូវក្តីអន្តរាយ ការបាត់បង់សណ្តាប់ធ្នាប់ បាត់បង់ទំនុកចិត្តក្នុងសង្គម និងផលវិបាកជាច្រើនទៀត មិនអាចនឹកស្មានដល់។ នេះជាអ្វីដែលអ្នកនាំពាក្យក្រសួងព័ត៌មាន បញ្ជាក់បន្ថែម ។
លោកអ្នកនាំពាក្យ បានបន្តទៀតថា រាល់ទង្វើដែលបំពាននឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ក្រមសីលធម៌វិជ្ជាជីវៈ អង្គភាព ឬអ្នកដែលបានប្រព្រឹត្តនោះ ត្រូវប្រឈមនឹងផលវិបាក ដែលកើតចេញពីការរំលោភបំពាន ដោយត្រូវដំណើរការ ទៅតាមនីតិវិធី ក្នុងក្របខណ្ឌច្បាប់៖ អ្នកពាក់ព័ន្ធអាចត្រូវបានកោះអញ្ជើញ ឱ្យមកទទួលការណែនាំ ដើម្បីតម្រង់ទិសការងារ ឱ្យត្រឹមត្រូវតាមក្រមវិជ្ជាជីវៈ និងក្របខណ្ឌច្បាប់ ឬត្រូវទទួលការចេញលិខិតព្រមាន រីឯក្នុងករណីបំពានធ្ងន់ធ្ងរ អង្គភាពសារព័ត៌មាន ឬអ្នកពាក់ព័ន្ធអាចឈានដល់ទទួលវិធានការ លុបប្រកាសអនុញ្ញាត ប្រកបអាជីវកម្ម(អាជ្ញាបណ្ណ) តែម្តង ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានលុបប្រកាសអនុញ្ញាត ប្រកបអាជីវកម្ម(អាជ្ញាបណ្ណ) របស់អង្គភាពសារព័ត៌មាន ចំនួន ៦ អង្គភាព និងចំនួន ១ អង្គភាព នាពេលថ្មីៗនេះ ដោយមូលហេតុ បំពានធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាមួយគ្នានេះ លោក ទេព អស្នារិទ្ធ បានអំពាវនាវយ៉ាងទទូច ដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ឲ្យចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈ អាជីពសារព័ត៌មាន ត្រូវបន្តដុសខាត់ និងពង្រឹងសមត្ថភាពជំនាញ ចែករំលែកបទពិសោធន៍ការងារល្អៗ ដោយមិនត្រូវអនុវត្ត លើសពីតួនាទីនិងភារកិច្ចខ្លួន ជាអ្នកសារព័ត៌មាននោះទេ ពោលគឺត្រូវប្រកាន់ខ្ជាប់ នូវការគោរពនិងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈក្នុងការងារសារព័ត៌មាន ហើយបំពេញភារកិច្ចខ្លួន ក្នុងក្របខណ្ឌដែលច្បាប់កំណត់ ប្រកបដោយការទទួលខុសត្រូវ៕