ព័ត៌មានជាតិ

ចិន ផ្ដល់ជំនួយឥតសំណងជាង ៤លានដុល្លារ គាំទ្រការអនុវត្តគម្រោងលុបបំបាត់គ្រាប់មីននៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណង ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC ក្នុងការអនុវត្ត “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” ដែលមានថវិកាសរុបចំនួន ៤.៤០០.០០០ ដុល្លារសម្រាប់ឆ្នាំ២០២៤ ដែលបានអនុម័តផ្តល់ជំនួយនេះជាផ្លូវការនៅចុងខែមីនា។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ មីនា លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC បានឲ្យដឹងថា គំរោងក្នុងឆ្នាំ២០២៤ នេះ មានផែនការបន្តកិច្ចប្រតិបត្តិការ បោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ក្នុងខេត្តចំនួន៣រួមមាន ៖ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដោយផ្ដោតលើសកម្មភាពសំខាន់ៗដូចជា ១) ការបោសសម្អាតផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ សង្គ្រាមចំនួនជាង៣.៤០០ហិកតា , ២) ការស្រាវជា្រវនិងប្រមូលព័ត៌មាន អំពីសំណល់យុទ្ធភណ្ឌសង្គ្រាម និងគ្រាប់បែកចង្កោមចំនួនប្រមាណ ៩០០០ពហុកោណ (ទីតាំង) និង ៣) ការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ លើការងារអប់រំយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន ចំនួនជាង៣០០គោលដៅ ។ គំរោងនេះផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺននាក់។

សូមបញ្ជាក់ថា នេះជាគម្រោងជំនួយឆ្នាំទី២ នៃគំរោងជំនួយរយ:ពេល៣ឆ្នាំ មីនា២០២៣-កុម្ភៈ ២០២៦ ដែលមានជំនួយហិរញ្ញប្បទានឥតសំណងសរុបចំនួន ១៣.២លានដុល្លារ ៕

To Top