ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទអន្តរជាតិលើកទី៦ ស្តីពីមូសខ្លា

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទអន្តរជាតិលើកទី៦ ស្តីពីមូសខ្លា (Aedes Albopictus) ជាមួយលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ដែលបានសហការរៀបចំឡើងដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមានការចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ បុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ព្រមទាំងអ្នកវិទ្យាសាស្ត្រជាតិ និងអន្តរជាតិចំនួន១០១រូប មកពី២៣ប្រទេស។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា គឺជាមោទកភាពដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និសីទអន្តរជាតិលើកទី៦ ស្តីពីមូសខ្លា ។ នេះជាលើកដំបូងដែលសន្និសីទមួយនេះធ្វើឡើងនៅកម្ពុជា ហើយជាលើកដំបូងដែលត្រូវបានរៀបចំដោយក្រុមការងារនៃបណ្តាញប៉ាស្ទ័រ។

លោករដ្ឋមន្រ្តីថា ប្រភេទមូស Aedes albopictus ត្រូវបានគេស្គាល់ជាទូទៅថាជា មូសខ្លា គឺជាភ្នាក់ងារចម្លងដ៏សំខាន់មួយនៃជំងឺគ្រុនឈាម ជំងឺ Chikungunya និងជំងឺ Zika នៅទូទាំងពិភពលោក និងជាភ្នាក់ងារបង្កជំងឺយ៉ាងហោចណាស់៤០ប្រភេទផ្សេងទៀត ដែលជាបញ្ហាចោទនៅក្នុងវិស័យសុខភាពសាធារណ។ សន្និសីទអន្តរជាតិនេះ ត្រូវបានរៀបចំឡើងជារៀងរាល់២ឆ្នាំម្តង ដោយសង្កត់ធ្ងន់ទៅលើការសិក្សាស្រាវជ្រាវជុំវិញប្រធានបទដែលទាក់ទងនឹងប្រភេទមូសខ្លា ដូចជា ប្រព័ន្ធជីវសាស្ត្រ សមត្ថភាពក្នុងការចម្លងជំងឺ ការរាតត្បាត និងទម្រង់នៃការបំបែកខ្លួន និងតួនាទីរបស់វាដែលជាភ្នាក់ងារចម្លងបន្តក៏ដូចជាយុទ្ធសាស្ត្រថ្មីៗក្នុងការគ្រប់គ្រងការចម្លង និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកជាសំណូមពរឲ្យសន្និសីទអន្តរជាតិរយៈពេលពីរថ្ងៃនេះ ពិភាក្សាឲ្យបានផុលផុស ព្រមទាំងនាំយកលទ្ធផលនៃការពិភាក្សានេះដើមី្បផ្តល់អត្ថប្រយោជន៍ មិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសហគមន៍ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទាំងនេះ។ ព្រមជាមួយគ្នានេះ លោកបានស្នើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រូវបន្តខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការរួមចំណែកសហការ គាំទ្រ និងបន្តពង្រឹងវិស័យសុខាភិបាលឲ្យកាន់តែមានភាពធន់ និងរឹងមាំ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ “ លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន”៕

To Top