ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៅខេត្តហៃណាន នឹងជំរុញអ្នកវិនិយោគចិន ទៅវិនិយោគនៅកម្ពុជាបន្ថែមទៀត នៅលើវិស័យជាច្រើន។
ក្នុងជំនួបនេះដែរ លោក ចាវ ឡឺជី បានប្រាប់សម្តេចតេជោ ហ៊ុន សែន ថា នឹងជួយកម្ពុជា និងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការណ៍ក្រោមក្របខណ្ឌ Belt and raod។

លោក ក៏បានប្តេជ្ញាក្នុងការជួយកម្ពុជាក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយផ្តោតសំខាន់ទៅលើវិស័យធំៗ ចំនួន៦ មានដូចជា៖ ទី១-វិស័យនយោបាយ ,ទី២-វិស័យផលិតកម្ម ,ទី៣-វិស័យកសិកម្ម ,ទី៤-វិស័យថាមពល ,ទី៥-វិស័យសន្តិសុខ និងទី៦-ការផ្លាស់ប្តូររវាងប្រជាជនទាំងពីរ និងជួយជំរុញការអភិវឌ្ឍច្រករបៀងមច្ឆារ និងអង្ករ។
លោក ក៏បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា «នឹងជួយជំរុញបណ្តាអ្នកវិនិយោគរបស់ចិន ទៅវិនិយោគនៅកម្ពុជាបន្ថែមទៀត លើវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ជាដើម»។

លោកក៏បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា នឹងសហការជាមួយកម្ពុជាក្នុងការបង្រ្កាបបទល្មើសតាមតាមអនឡាញ។ លោក បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ភាគីចិននឹងបន្តយកចិត្តទុកដាក់ពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ព្រះបាទសម្តេច នរោត្តមសីហមុនី និងហ្លូងម៉ែ។ លោក បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តការល្អរវាងកម្ពុជា និងចិន ជាពិសេសកសាងសហគមន៍ជោគវាសនារួម ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ភាគីចិន ដែលតែងតែយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពព្រះមហាក្សត្រកម្ពុជា និងហ្លួងម៉ែ ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជា និងចិនតាំងពីអតីតកាលមក៕
