ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ដឹកនាំកិច្ចប្រជុំការងារប្រចាំខែមីនា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅរសៀលថ្ងៃ២៨ មីនា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំប្រចាំខែនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើង និងកោតសរសើរនូវថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យទូទាំងប្រទេស ជាពិសេសខេត្តមណ្ឌលគិរី ដោយបានទប់ស្កាត់សង្គ្រោះទាន់ពេលវេលា នូវបញ្ហាជំងឺពុលសាច់ឆៅទៅលើម្តាយ និងកូនដែលមានរោគសញ្ញាឈានដល់សង្គ្រោះបន្ទាន់។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនទៅថ្នាក់ដឹកនាំធ្វើសេចក្តីរាយការណ៍សង្ខេបនូវការងារដែលខ្លួនទទួលបន្ទុក និងផែនការបន្ទាប់ ព្រមទាំងសមិទ្ធផលការងារដែលបានធ្វើកន្លងមក ក្នុងការពិនិត្យពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈម ឬចំណុចខ្វះខាតនានា និងសំណូមពររបស់មន្រ្តីនៅតាមមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។

ជាមួយគ្នានេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួន និងបានវាយតម្លៃខ្ពស់ចំពោះការតម្រង់ទិសក្នុងការអនុវត្តការងារឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមអនុវត្តពង្រឹងមូលដ្ឋានសុខាភិបាលដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះរៀបចំឡើងតាមប្រព័ន្ធ Hybrid ដែលមានការចូលរួមដោយផ្ទាល់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងអគ្គនាយករង ប្រធាន-អនុប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត៕

To Top