ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ចំនួនទឹកប្រាក់សរុបនៃប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា ទាំងប្រាក់រៀលនិងដុល្លារអាមេរិកបានកើនឡើងពី ៤០០ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដល់ ៤៩២ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដែលស្មើនឹងប្រមាណ១៦ដង នៃផលិតផលក្នុងស្រុកសរុប (GDP)។
ការប្រកាសពីចំនួនទឹកប្រាក់សរុប នៃប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា របស់ធនាគារជាតិនៃកម្ពុជា ធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ សារព័ត៌មានមួយចំនួនបានចុះផ្សាយអត្ថបទទាក់ទងនឹងលទ្ធផលនៃការធ្វើអង្កេត អនឡាញរបស់ក្រុមហ៊ុនសេវាទូទាត់ VISA ដោយបានលើកឡើងថា ការប្រើប្រាស់មធ្យោបាយទូទាត់ ឌីជីថលនៅកម្ពុជាមាននិន្នាការថយចុះនិងនៅមានកម្រិតទាប ហើយការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែ បន្តកើនឡើង ដែលផ្ទុយពីនិន្នាការតំបន់។
តាមរយៈសេចក្ដីបំភ្លឺនាថ្ងៃទី២៩ ខែមីនានេះ ធនាគារជាតិកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័ស ដូចជា តាមរយៈការប្រើប្រាស់ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ការផ្ទេរប្រាក់ និងជាពិសេស ការស្កេនឃ្យូអរកូតសម្រាប់ទូទាត់ដែលមានចាប់ពីហាងលក់ទំនិញតូចៗរហូតដល់ធំ ដោយគ្របដណ្តប់ ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
ធនាគារជាតិបានឲ្យដឹងថា ការអភិវឌ្ឍនេះគឺអាស្រ័យដោយការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ ទំនើបៗជាបន្តបន្ទាប់ ដែលអនុញ្ញាតឲ្យការទូទាត់ឆ្លងគ្រឹះស្ថាន ការបង្កើត App សម្រាប់ការទូទាត់តាម ឃ្យូអរកូត ការបង្កើតស្តង់ដារឃ្យូអរកូត ជាដើម ដែលផ្តល់ភាពងាយស្រួលដល់ការទូទាត់ឌីជីថល ប្រកបដោយសុវត្ថិភាពនិងឆាប់រហ័ស ជាពិសេសក្នុងពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបបានកើនឡើង ដល់ជាង ១៩ លានគ្រឿង ច្រើនជាងចំនួនប្រជាជនកម្ពុជាសរុប ដែលមានជាង ១៦ លាននាក់។
ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា «ជាក់ស្តែង ចំនួនប្រតិបត្តិការទូទាត់ឌីជីថលទាំងជាប្រាក់រៀលនិងដុល្លារអាមេរិក បានកើនឡើង ពី ១.១០០ លានប្រតិបត្តិការ ក្នុងឆ្នាំ២០២២ មកដល់ ១.៧៨៦ លានប្រតិបត្តិការ ក្នុងឆ្នាំ២០២៣ ហើយចំនួនទឹកប្រាក់សរុបនៃប្រតិបត្តិការទូទាត់ឌីជីថលទាំងជាប្រាក់រៀល និងដុល្លារអាមេរិកបានកើនឡើងពី ៤០០ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដល់ ៤៩២ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដែលស្មើនឹង ប្រមាណ ១៦ ដង នៃផលិតផលក្នុងស្រុកសរុប (GDP)។ ក្នុងចំណោមប្រព័ន្ធទូទាត់ ការប្រើប្រាស់ប្រព័ន្ធ បាគងបានកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានអតិថិជនបើកគណនីសរុប ២៧,៦ លានគណនី ហើយអាចទូទាត់បានជាមួយហាងទំនិញ-សេវាកម្មជាង ២,៩ លានទីតាំង គិតត្រឹមចុងឆ្នាំ២០២៣» ។
លើសពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងលើកកម្ពស់ការទូទាត់តាមឌីជីថលយ៉ាងសកម្ម តាមរយៈគំនិតផ្តួចផ្តើម និងការសហការផ្សេងៗជាមួយស្ថាប័នហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ និងបណ្តាប្រទេស ក្នុងតំបន់និងពិភពលោក។ ជាមួយនឹងការអនុវត្តគោលនយោបាយទាំងនេះ ការទូទាត់ឌីជីថលនៅក្រៅប្រទេសក៏បានកើនឡើងផងដែរ ដូចជា ថៃ វៀតណាម និងឡាវ ជាដើម ដែលប្រជាជនកម្ពុជាអាច ទូទាត់នៅហាងទំនិញនៅប្រទេសទាំងនេះ ចេញពីគណនីជាប្រាក់រៀលរបស់ខ្លួន៕