កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សា ពន្លឿនការរៀបចំសំអាតក្រុង មុនពេលសង្ក្រាន្តឆ្នាំថ្មីចូលមកដល់ ដែលបច្ចុប្បន្នកំពុងរងផលប៉ះពាល់ នៃដំណើរការ ការងាររបស់គម្រោងរៀបចំបណ្ដាញលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម ។
កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង អនុវត្តក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី ៤ ។
បន្ទាប់ពីទទួលបានការពិភាក្សា ជាមួយចៅសង្កាត់ទាំងបួន ក្នុងក្រុងកំពង់ចាម រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់ក្រុមហ៊ុន ជួយធ្វើការសំអាតផ្លូវ ដែលខ្លួន បានកាយដីដាក់លូ តាមលក្ខណៈបច្ចេកទេស កុំឱ្យមានដីហុយ ដើម្បីជួយបង្កលក្ខណៈ ឲ្យប្រជាពលរដ្ឋទទួលបាន ផាសុខភាព បានសប្បាយរីករាយ ក្នុងឱកាសទទួលទេវតាឆ្នាំថ្មីខាងមុខនេះ ។
ក្នុងឱកាសនោះដែរ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងជានាយកគម្រោង អនុវត្តក្រុងរបៀង មហាអនុតំបន់មេគង្គជំហានទី ៤ ក៏បានស្នើសុំ ដល់រដ្ឋបាលខេត្ត រៀបចំឲ្យមានការប្រជុំ ១សប្តាហ៍ម្តង រវាងក្រុមការងារខេត្ត និង ទីប្រឹក្សាបច្ចេកទេសខាងក្រុមហ៊ុន ដើម្បីរួមគ្នាដោះស្រាយបញ្ហា ពិសេសមុនពេលសង្ក្រាន្ត ចូលឆ្នាំថ្មីខាងមុខនេះ ដើម្បីឆ្លើយតបជាមួយប្រជាពលរដ្ឋ និងគិគូរអំពីបញ្ហាគម្រោង ដែលដំណើរការបន្ត ។
លោកអនុរដ្ឋលេខាធិការ ក៏បានស្នើសុំដល់អាជ្ញាធរខេត្តកំពង់ចាម ឲ្យរៀបចំជាផែនទី នូវទីតាំងដែលត្រូវរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះ ដោយចែកជាតំបន់ ដើម្បីឲ្យក្រុមហ៊ុនផ្អាកការងារ និងរៀបចំសម្អាតទីតាំងនោះឲ្យមានភាពប្រក្រតីឡើងវិញ នូវទីកន្លែងដែលមានប្រជាពលរដ្ឋ ចូលរួមកម្សាន្តច្រើន ។ ដោយឡែកនៅតំបន់បន្ទាប់បន្សំ គឺខាងក្រុមហ៊ុន អាចបន្តការងារបាន ដោយមានការឯកភាព ពីគណៈកម្មការសម្របសម្រួលលំហូចរាចរ ។
តំណាងក្រុមហ៊ុន គម្រោងរៀបចំបណ្ដាញលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងកំពង់ចាមបានឲ្យដឹងថា គម្រោងនេះ ចុះកិច្ចសន្យាសាងសង់នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ និងបញ្ចប់ នៅថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០២៥ ពោលគឺមានរយៈពេលសាងសង់ចំនួន ៣៦ ខែ។ ចំណែកវឌ្ឍនភាពការងារមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ធ្វើការងារបានលទ្ធផល ៣៥ .៥ ភាគរយ ៕