ពោធិ៍សាត់: អធិការនគរបាលស្រុកក្រគរ លោកវរសេនីយ៍ឯកមោក ភារម្យ បានប្រាប់ភ្នាក់ងារមជ្ឈមណ្ឌលពត័មានដើមអម្ពិល នៅវេលាម៉ោងជាង ២ រសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤នេះថា មានករណីគ្រោះ ថ្នាក់ចរាចរមួយបានកើតឡើង នៅលើផ្លូវដែករវាងរថភ្លើង បានបុកជាមួយនឹង រថយន្តក្រុងមួយគ្រឿង ដែលរថយន្តបានធ្វើដំណើរឆ្លងកាត់ផ្លូវដែក ទិសដៅពីជើងទៅត្បូង ដោយមិនមានការប្រុងប្រយ័ត្ន ក៍ត្រូវរថភ្លើងដែលកំពុងបើកបរ មកពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច បុកចំផ្នែកចំហៀងយ៉ាងពេញទំហឹង បណ្តាលអោយរងរបួសមនុស្ស ៤៥ នាក់ស្រី ២៥ នាក់ (ក្នុងនោះរបួសធ្ងន់ចំនួន ៥ នាក់) ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យភ្លាមៗ។

បើតាមលោកអធិការដដែល ក៍បានអោយដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចររថភ្លើងបើកបុករថយន្តក្រុងនោះបានកើតឡើងនៅវេលាម៉ោង ១១ និង ០០ នាទីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៤ ស្ថិតនៅចំនុចលើផ្លូវដែកឆ្លងកាត់ទៅផ្លូវច្រកល្អៀង ក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕









