ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា មន្ត្រីការទូត ជាអ្នកអនុវត្តចក្ខុវិស័យ និងបេសកកម្មការទូត ជាអ្នកតំណាងប្រទេស និងប្រជាជន ជាអ្នកធ្វើទំនាក់ទំនង និងចរចាជាមួយដៃគូជាអ្នកការពារ និងលើកកម្ពស់គុណតម្លៃ របស់ប្រទេសជាតិ និងជាអ្នកដោះស្រាយបញ្ហាចំពោះមុខនានា ។
ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ។
ក្នុងឱកាសនេះ សម្តេចធិបតី បានកោតសរសើរចំពោះសមិទ្ធផល ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រេចបានក្នុងឆ្នាំកន្លងមក ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ មន្រ្តីការទូត និងបុគ្គលិកទាំងអស់ ដែលបានបំពេញការងារ អនុវត្តនយោបាយការបរទេសកម្ពុជា ក្នុងស្មារតីស្នេហាជាតិ រក្សាបាននូវកិត្តិយស និងផលប្រយោជន៍ជូនជាតិមាតុភូមិ ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមគាំទ្រធ្វើឱ្យសកម្មភាពការទូតកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់៕