ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា បានលេីកឡេីងថា ស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្ន នាថ្ងៃទី១ មេសា ២០២៤ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។
ស្ពានអាកាសមរតកតេជោ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមវិស្វករខ្មែរ នៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយក្នុងនោះ ស្ពានអាកាសជាន់ទី២ ដែលតភ្ជាប់ពីមហាវិថី សម្តេចតេជោ ហ៊ុន សែន មក មហាវិថីព្រះមុនីវង្ស ដោយបច្ចុប្បន្នសាងសង់ សម្រេចបាន ប្រមាណ ៨០% ដោយគ្រោងបញ្ចប់ការសាងសង់ នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ហើយនឹងដាក់ឱ្យប្រើប្រាស់ ជាបណ្ដោះអាសន្ន នៅមុនពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការ កកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ជាពិសេស ជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ច ប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។
យោងតាមបណ្តាញសង្គម របស់សម្តេចធិបតី នាថ្ងៃទី៣០ មីនានេះ បានឲ្យដឹងថា ផ្លូវ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាព ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា សមិទ្ធផលនេះ ក៏នឹងជួយកាត់បន្ថយចំណាយ លើឥន្ធនៈដោយសារការកកស្ទះ ចំណេញពេលវេលា និង សម្រួលដល់ការធ្វើដំណើរប្រកបការងារ ជាពិសេស ការជួយលើកកម្ពស់ការកសាង សេដ្ឋកិច្ចមូលដ្ឋាន របស់ប្រជាពលរដ្ឋផងដែរ ៕