ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​ ប្រាប់ពលរដ្ឋ កុំបារម្ភរឿងសង្ក្រាន្ត​ ហើយពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះ នឹងសប្បាយជាងឆ្នាំមុនៗ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់ប្រជាពលរដ្ឋ កុំព្រួយបារម្ភរឿងសង្ក្រាន្ត ខណៈពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ ខាងមុខនេះ នឹងប្រារព្ធធ្វើឡើង សប្បាយជាងឆ្នាំមុនៗ ។

នាឱកាសអញ្ជើញសម្ពោធឆ្លង បទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់ នៅថ្ងៃអាទិត្យ ទី៣១ មីនា ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំគ្រប់រាជធានីខេត្ដ រៀបចំល្បែងកម្សាន្ដប្រជាប្រិយខ្មែរឲ្យបានច្រើន ដើម្បីបង្កភាពសប្បាយរីកជូនប្រជាពលរដ្ឋ។

សម្ដេចធិបតី មានប្រសាសន៍ថា «លោកតាលោកយាយ អ៊ំពូមីង ការព្រួយបារម្ភ ជាការត្រឹមត្រូវ ប៉ុន្តែកន្លងទៅ មានការផ្ដល់ព័ត៌មានខ្លះ ដែលមិនគ្រប់ជ្រុងជ្រោយ ធ្វើឲ្យប្រជាពលរដ្ឋយើងមានការភាន់ច្រឡំ ។ ហើយខ្ញុំសូមអរគុណដល់ក្រសួងវប្បធម៌ ដែលបានចេញមកបំភ្លឺ ទៅលើកិច្ចការងារនេះ ។ ហើយនៅថ្ងៃនេះ ខ្ញុំក៏យកឱកាសនេះ បញ្ជាក់ សូមកុំព្រួយបារម្ភរឿង ការពារសម្បត្តិវប្បធម៌ គឺជាអាទិភាពធំណាស់ របស់រាជរដ្ឋាភិបាលកម្ពុជា រាប់អាណត្តិមកហើយ ។ យើងមិនឱ្យបាត់បុណ្យចូលឆ្នាំនេះបាត់បង់ទេ»។

សម្ដេចធិបតី បន្ដថា កុំព្រួយរឿងប្រារព្វពិធីចូលឆ្នាំថ្មី នៅកម្ពុជា ឬសង្ក្រាន្តនៅកម្ពុជា ពាក្យនេះ គឺជាពាក្យក្នុងបាលីសំស្ត្រឹត ដែលមានប្រទេសជាច្រើនប្រើ រួមទាំងកម្ពុជា ថៃ ឡាវ ក៏ប្រើដូចគ្នាដែរ។ ក្នុងន័យថា សម្ដេចធិបតី អះអាងថា ការចុះសង្ក្រាន្តនៅថៃ មិនធ្វើឲ្យកម្ពុជា ឈប់មានសិទ្ធិប្រើប្រាស់ពាក្យ សង្ក្រាន្តនោះទេ ផ្ទុយទៅវិញ គឺមានសិទ្ធិដូចគ្នា ដោយមិនប៉ះពាល់អ្វីនោះទេ ជាពិសេស ក៏ប៉ះពាល់ដល់កម្ពុជា ក្នុងសិទ្ធិចុះបេតិកភណ្ឌអរូបបិយសង្រ្កាន្ត នៅកម្ពុជានោះដែរ ។

សម្ដេច នាយករដ្ឋមន្ដ្រី បញ្ជាក់ជាថ្មីថា «មិនមានអ្វីត្រូវព្រួយបារម្ភឡើយ ចំពោះសង្ក្រាន្តឡើយ ហើយពិធីចូលឆ្នាំថ្មីឆ្នាំនេះ នឹងធ្វើប្រារព្ធធ្វើឡើង សប្បាយជាងឆ្នាំមុនៗ»៕

To Top