ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ណែនាំពីការសម្រួលដំណើរ ចូល-ចេញ ប្រទេសជូនពលករកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅថ្ងៃទី៣០ មីនា បានចេញសេចក្ដីណែនាំស្ដីពីការសម្រួលដំណើរ ចូល-ចេញ ប្រទេសជូនពលករកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤។

តាមរយៈសេចក្ដីណែនាំ បានឱ្យដឹងថា ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពស្មារតីសេចក្តីប្រកាសរបស់ រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា ថៃ ស្តីពីការសម្រួលការធ្វើដំណើរ ចូល-ចេញ ប្រទេសរបស់ពលករកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរនាពេលដ៏ខ្លីខាងមុខនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការណែនាំដល់នាយប៉ុស្តិ៍ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដូចជា៖

១-ត្រូវរៀបចំត្រៀមកម្លាំង និងបែងចែកវេនប្រចាំការឱ្យបានសមស្រប ដើម្បីធានាបាននូវប្រសិទ្ធ ភាពការងារ និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងអំឡុងពេលដែលពលករកម្ពុជាវិលចូលប្រទេស និងនៅពេល ត្រឡប់ទៅបំពេញការងារក្នុងប្រទេសថៃវិញ។

២-រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ បានសម្រេចមិនយកតម្លៃទិដ្ឋាការពេលពលករកម្ពុជា ត្រឡប់ចូលប្រទេសថៃវិញ (Re-Entry Permit) សម្រាប់រយៈពេល ៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយមន្ត្រីមានសមត្ថកិច្ចថៃ នឹងធ្វើការប្រថាប់ត្រាជំនាញថ្មី ដាច់ដោយឡែកលើលិខិតឆ្លងដែនកម្ពុជា ឬឯកសារធ្វើដំណើរដែលមានតម្លៃស្មើតាមកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរ ជាសម្គាល់និងជាមូលដ្ឋានទិន្នន័យបម្រើដល់ការគ្រប់គ្រងដំណើរ ចូល-ចេញ ប្រទេសរបស់ពលករកម្ពុជា សម្រាប់រយៈពេលកំណត់ខាងលើតែប៉ុណ្ណោះ។

៣-ដើម្បីសម្រួល និងពន្លឿនការត្រួតពិនិត្យដំណើរ ចូល-ចេញ ប្រទេសរបស់ពលករកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្រេចមិនតម្រូវឱ្យប្រថាប់ត្រា ចូល-ចេញ ប្រទេសលើលិខិតឆ្លងដែន ឬឯកសារ ធ្វើដំណើរដែលមានតម្លៃស្មើតាមកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរនោះឡើយ ។ ប៉ុន្តែចាំបាច់ត្រូវធ្វើការកត់ត្រាទិន្នន័យឱ្យច្បាស់លាស់ក្នុងប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍ សម្រាប់បម្រើដល់ការងារស្រាវជ្រាវ និងកិច្ចការជំនាញ ដទៃនាថ្ងៃអនាគត ។

៤-ត្រូវយកចិត្តទុកដាក់ សម្របសម្រួល និងសហការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅ បរិវេណប៉ុស្តិ៍ច្រកទ្វារ ចូល-ចេញ ប្រទេសឱ្យបានល្អ សំដៅបញ្ចៀសការកកស្ទះ បញ្ហាសុខភាពរបស់ពលករ និង អ្នកដំណើរទូទៅ និងកត្តាជាអវិជ្ជមានដែលអាចកើតឡើងជាយថាហេតុដទៃទៀត។

៥-នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិដែលនៅជាប់ព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវចូលរួមសហ ការឱ្យបានសកម្ម និងអស់ពីលទ្ធភាពជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់កំរិត ដើម្បីធ្វើយ៉ាង ណាឱ្យដំណើរ ចូល-ចេញ ប្រទេសរបស់ពលករកម្ពុជាក្នុងរង្វង់ប្រតិបត្តិការរបស់ខ្លួនប្រព្រឹត្តទៅដោយរលូន និង ទទួលជោគជ័យតាមផែនការដែលថ្នាក់ដឹកនាំក្រសួង និងប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន៕

To Top