ព័ត៌មានជាតិ

ក្រសួងការងារ ផ្តល់ការកាត់សក់ដោយឥតគិតថ្លៃជូនកម្មកររោងចក្រ និងប្រជាពលរដ្ឋជិត៧០០នាក់ នៅតំបន់ផ្ទះឡ ក្នុងសង្កាត់ចោមចៅទី១

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអាទិត្យទី៣១ ខែមីនា ឆ្នាំ២០២៤​ បានរៀបចំ “ពិធីកាត់សក់បង្កក់សេរី”ដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករកម្មការិនី និងប្រជាពលរដ្ឋ នៅតំបន់ផ្ទះឡ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កម្មវិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីលោក ឃុត ចាន់ដារ៉ា តំណាងរាស្ត្ររាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ រួមទាំងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន។

ក្នុងពិធីកាត់សក់នេះ មានបងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋក្នុងតំបន់ចូលរួមប្រមាណជិត៧០០នាក់ដែលជាកម្មករនិងកម្មការិនី និងប្រជាពលរដ្ឋមូលដ្ឋានដែលស្ថិតនៅផ្ទះជួលក្នុងតំបន់ផ្ទះឡ។ កម្មវិធីនេះ ជាកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹងសមាគមមិត្តយើងដែលបាននាំយកជាងជំនាញៗចំនួន៦១រូប ចូលរួមកាត់សក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោករដ្ឋមន្ត្រី បញ្ជាក់ថា ការរៀបចំពិធីនេះដើម្បីផ្តល់ការកាត់សក់ គៀបសក់ និងផ្លុំសក់ដោយឥតគិតថ្លៃជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋជាទូទៅក្នុងតំបន់នៅមុនឱកាសឆ្នាំថ្មីប្រពៃណីជាតិដែលនឹងខិតចូលមកដល់នៅក្នុងពេលដ៏ខ្លីខាងមុខ។

ក្រៅពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានគូសបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានដឹងពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យចំនួន១.៥លាននាក់ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលដើម្បីផ្តល់ជំនាញបច្ចេកទេសជាក់លាក់ជូនប្រជាពលរដ្ឋក្រុមគោលដៅដែលជាឈ្នាន់ក្នុងការឆាប់ទទួលបានការងារធ្វើសមរម្យដើម្បីផ្លាស់ប្តូរជីវភាពឱ្យកាន់តែប្រសើរបន្ថែមទៀត។

លោករដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជាក្រុមគោលដៅអញ្ជើញទៅចុះឈ្មោះសិក្សាជំនាញនៅតាមសាលាបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទាំង៣៧នៅទូទាំងប្រទេសដែលក្នុងនោះមានសាលាចំនួន៨ក្នុងរាជធានីភ្នំពេញដែលបាន និងកំពុងបណ្តុះបណ្តាលជំនាញសិក្សាកម្រិត១លើវិស័យចំនួន១០ និង៣៨មុខជំនាញដល់យុវជនរាប់ម៉ឺននាក់រួចមកហើយ។ 

យ៉ាងណាក៏ដោយ ជាមួយនឹងទឹកមុខរីករាយពីសំណាក់ប្រជាពលរដ្ឋ និងកម្មករនិយោជិតនៅតំបន់ផ្ទះឡដែលចូលរួម “ពិធីកាត់សក់បង្កក់សេរី”ដោយឥតគិតថ្លៃនាពេលនេះ លោករដ្ឋមន្ត្រី បានជូនពរទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងក្រុមជាងដែលបានចូលរួមផ្តល់សេវាដោយឥតគិតថ្លៃចំពោះឱកាសឆ្នាំថ្មីខាងមុខផងដែរ៕

To Top