ព័ត៌មានជាតិ

សាស្រ្តាចារ្យ​ ឈាង​ រ៉ា​ ចុះសួរសុខទុក្ខអ្នកជំងឺ រងរបួសដោយសារឧបទ្ទវហេតុ រថភ្លើងបុករថយន្តក្រុង នៅពោធិ៍សាត់

ភ្នំពេញ៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃ៣០ មីនា បានដឹកនាំក្រុមការងារ ចុះពិនិត្យ​សួរសុខទុកស្ថានភាពជំងឺ របស់ជនរងគ្រោះដោយសារ ឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ កាលពីម្សិលមិញនេះ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ ជនរងគ្រោះខាងលើនេះ នៅមន្ទីរពេទ្យបង្អែកខេត្ដពោធិ៍សាត់ សាស្ដ្រា ចារ្យរដ្ឋមន្រ្តី​ បានពាំនាំប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្ដីបារម្ដយ៉ាងពន់ពេកពីស្ថានភាព នៃការរងគ្រោះថ្នាក់របស់បងប្អូនប្រជាពលរដ្ឋ​។ ទន្ទឹមនឹងការចុះសួរសុខទុក្ខនេះ សាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្ដល់នូវថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលរងគ្រោះក្នុងករណីខាងលើនេះ និងអ្នកជំងឺផ្សេងទៀត ដែលសម្រាកនៅបន្ទប់ជាមួយគ្នានេះផងដែរ។

ក្នុងឱកាសនោះដែរ​ ​សាស្រ្តាចារ្យរដ្ឋមន្ដ្រី​ បានណែនាំឱ្យថ្នាក់ដឹកនាំ​ និងមន្រ្តីសុខាភិបាលខេត្ត​ តាមដានពីស្ថានភាពនៃគ្រោះថ្នាក់នេះជាប់ជានិច្ច ដោយបានចាត់ឲ្យក្រុមការងារត្រៀម ជួយសង្គ្រោះជនរងគ្រោះយ៉ាង យកចិត្ដទុកដាក់ ២៤ម៉ោង លើ​២៤ម៉ោង និងរាយការណ៍លម្អិតពីស្ថានភាព នៃជំងឺរបស់ជនរងគ្រោះ ដើម្បីស្វែងដល់ពីអ្វីដែលត្រូវបន្ដជួយជាបន្ដបន្ទាប់ ក្នុងការធានានូវសុវត្ថិភាព របស់ពលរដ្ឋដែលរងគ្រោះថ្នាក់ទាំងនេះ។

ករណីឧបទ្ទវហេតុរថភ្លើង បុកជាមួយរថយន្ដក្រុង នៅវេលាម៉ោងជាង ១១ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបណ្ដាលឲ្យមនុស្ស៤៦នាក់រងរបួសធ្ងន់ស្រាល។ ក្នុងនោះមានជនរងគ្រោះចំនួន ១៨នាក់ (រងរបួសធ្ងន់ ៥នាក់ និងរងរបួសស្រាល ១៣នាក់) បាននិងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។ ដោយឡែកជនរងគ្រោះ ដែលរងរបួសស្រាល ២៨នាក់ផ្សេងទៀត បាននិងកំពុងសង្គ្រោះ និងព្យាបាលបឋម នៅមន្ទីរពេទ្យបង្អែកក្រគរ និងមណ្ឌលសុខភាពឈើតុំ ៕

To Top