ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ៖ សុខភាពកងទ័ព គឺជាការយកចិត្តទុកដាក់បំផុត របស់ក្រសួងសុខាភិបាល

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនាយទាហាន និងពលទាហាន ព្រមទាំងក្រុមគ្រួសារ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល និងរីសត នៅថ្ងៃ៣០ មីនា បានលើក ឡើងថា សុខភាពរបស់កងទ័ព គឺជាការយកចិត្តទុកដាក់ បំផុតរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ព្រោះកងទ័ពដែលមានសុខភាពល្អរឹងមាំ គឺជាធនធាន ដ៏ឧត្តុងឧត្តមរបស់ប្រទេសជាតិ ដែលមិនអាចខ្វះបាន។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងដឹងគុណដល់កងទ័ព នាយទាហាន ពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ពលីអាយុជីវិត ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព ដែលជាបុរេលក្ខខណ្ឌចាំបាច់ដល់ការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។ កងទ័ពគឺជាកម្លាំងការពារ ដ៏រឹងមាំសម្រាប់ការពារឯករាជ្យ បូរណភាពជាតិទឹកដី និងប្រជាជន។

លោកថា ការការពារប្រសើរជាងព្យាបាល ការជ្រើសរើសឥរិយាបថ រស់នៅប្រកបដោយសុខុមាលភាព គឺជាការវិនិយោគដ៏ឆ្លាតវៃ ហើយត្រូវចាប់ផ្តើមពីពេលនេះ ពីពេលដែលយើងនៅមានសុខភាពល្អ ដើម្បីកាត់បន្ថយការឈឺ ពិការ និងសន្សំសំចៃថវិកាគ្រួសារ។

លោករដ្ឋមន្រ្តីក៏ឲ្យកងទ័ពទាំងអស់ថែរក្សាសុខភាពជានិច្ច បរិភោគអាហារមានសុខុមាលភាព តិចខ្លាញ់ តិចអំបិល តិចស្ករ ចៀសវាងការប្រើប្រាស់ថ្នាំជក់ គ្រឿងស្រវឹង ភេសជ្ជៈផ្អែម ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីបង្ការជំងឺមិនឆ្លងចម្បងៗ តួយ៉ាងដូចជា ជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម ។

លោកសាស្រ្តាចារ្យក៏ផ្តាំថា កងទ័ពទាំងអស់រស់ នៅប្រកបដោយសុវត្ថិភាព និងអនុវត្តនូវវិធានការនានា ដើម្បីការពារសុខភាព ផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ពីការកើតមានជំងឺឆ្លង ឬបញ្ហាសុខភាពផ្សេងៗ ដូចជាការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺកូវីដ-១៩ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាមជាដើម និងបញ្ហាសុខភាព បណ្ដាលមកពីការពុល ចំណីអាហារ ពុលស្រា ដោយរក្សាទម្លាប់រស់នៅស្អាត សំរាន្តក្នុងមុង ប្រកាន់ខ្ជាប់នូវការ អនុវត្ដអនាម័យ លាងសម្អាតដៃ ឱ្យបានញឹកញាប់ ជាពិសេសមុនពេលបរិភោគ រក្សាទុកដាក់ និងទទួលទានចំណីអាហារ មានសុត្ថិភាពល្អ និងបន្ទោរបង់ក្នុងបង្គន់ ព្រមទាំងអនុវត្តវិធានការ សុវត្ថិភាព ដោយប្រើប្រាស់ស្រោមអនាម័យ រាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន ដើម្បីបង្ការការឆ្លងជំងឺកាមរោគ អេដស៍ និងជំងឺឆ្លងផ្សេងៗទៀត។

លោករដ្ឋមន្រ្តីក៏នាំប្រសាសន៍សួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីដល់ក្រុមកងទ័ពផងដែរ។

ទន្ទឹមនឹងនោះឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ជំនួសមុខឲយនាយពលទាហាន នៃអង្គភាពកងពលតូចថ្មើងជើងលេខ៥១ទាំងអស់ បានគោរពថ្លែងអំណរគុណ ដល់លោកសាស្ដ្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា ដែលបានដឹកនាំប្រតិភូ អញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ និងនាំមកនូវអំណោយសម្ភារៈ ថវិកា ស្បៀងអាហារ ថ្នាំពេទ្យ គ្រឿងឧបភោគ-បរិភោគ ជូនដល់នាយទាហាន គ្រួសារកងទ័ព និងនិវត្តន៍ជន នាឱកាសមុនចូលឆ្នាំខ្មែរ។

សូមរំលេចដែរថា ក្រសួងសុខាភិបាល និងក្រុមហ៊ុនអូតែលសុខា និងរីសត បានពាំនាំនូវ មុងចំនួន២ពាន់, ប្រេងកូឡាតាប៉ិក ១ពាន់ដប, មីជាតិ ៣០០កេស, អង្គរចំនួន ១ពាន់គីឡូ, ផ្អកត្រីប្រា ១០០គីឡូ, ត្រីងៀតត្រីរ៉ស ២០០គីឡូ, ខ្ទឹមបារំាងចំនួន ៣០០គីឡូ, ស្ពៃក្ដោប ៣០០គីឡូ, ឆៃថាវ ចំនួន ៣០០គីឡូ, នំប័ងបាក់យ៉ុង ១ពាន់ដើម , ទឹកសុទ្ធ ៣០០វីតាល់ ៣០០កេស សាច់ជ្រូក៣០០គីឡូ សាច់គោ ២០០គីឡូ, សារ៉ុងចំនួន ១០០, ឱសថ ២៩មុខ, បរិក្ខារ ៨មុខ, សេរ៉ូម ៤មុខ, សេរ៉ូមប្រឆាំងពិសពស់ ១មុខ, ថវិកាឧបត្ថម្ភជូនដល់អង្គភាពកងពលតូចលេខ៥១ ចំនួន ២០លានរៀល៕

To Top