ព័ត៌មានជាតិ

២១ថ្ងៃ សមត្ថកិច្ចឃ្លុំដីជិត ១ម៉ឺនហិកតា ឃាត់ខ្លួន ៣០នាក់ និងបញ្ជូនសំណុំរឿងទៅតុលាការ ១៦ករណី

ភ្នំពេញ៖ រយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះ បានចុះប្រតិបត្តិការក្តៅដើម្បីបង្រ្កាបទប់ស្កាត់ បទល្មើសធនធានធម្មជាតិនៅក្នុង ភូមិសាស្រ្តខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន ៩,៨០០.៨២ហិកតា រកឃើញជនសង្ស័យចំនួន ៣០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។

បើតាមហ្វេសប៊ុកក្រសួងបរិស្ថាន នាថ្ងៃទី១ មេសាបានឲ្យដឹងថា ក្រុមចម្រុះក៏បានរុះរើខ្ទមបណ្តោះអាសន្ន នៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិចំនួន ៤៧៩ខ្ទម និងបានដក ហូតសម្ភារមួយចំនួនទុកជាវត្ថុតាងរួមមាន៖ រណាយន្ត៣១ គ្រឿង ម៉ូតូ១៥គ្រឿង គោយន្ត១គ្រឿង ផាលត្រាក់ទ័រ ៦គ្រឿង ម៉ាស៊ីនកាត់ស្មៅ ២៥គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ១៥គ្រឿង កាំភ្លើងកែច្នៃចំនួន១១ដើម អង្គប់ចំនួន៧៥ កាំបិតចំនួន ៨៥ បង្គោលរបងចំនួន ៣,៦៥២បង្គោល និងដំណាំចម្រុះបានជាច្រើនគុម្ព និងបាច់ផងដែរ។

ជាមួយគ្នានេះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះបានអន្តរាគមន៍ចុះបង្រ្កាបទប់ស្កាត់ បទល្មើសកាប់រុនរានដីព្រៃធ្វើជាកម្មសិទ្ធិ បានឃ្លុំដីទុកបានចំនួន ២០៧.១៣ហិកតា និងរឹបអូសបានវត្ថុតាងនៅហ្នឹងកន្លែងមានដូចជា៖ រុះរើខ្ទមចំនួន១៣។ ក្នុងនោះ ក្រុមការងារចម្រុះ បានអប់រំប្រជាពលរដ្ឋដែលបានជួយដាំដុះដំណាំ ឲ្យជនល្មើសបានចំនួន ៨៥នាក់។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ មានទ្រង់ទ្រាយធំ និងបានរៀបចំឡើងបន្ទាប់ពី មានបញ្ជារបស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរ និងសម្ថកិច្ចពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធាធម្មជាតិទូទាំងប្រទេស និងអនុវត្តច្បាប់ឲ្យបានតឹងរឹង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ៕

To Top