ព័ត៌មានជាតិ

ស្នងការភ្នំពេញ ឲ្យបញ្ឈប់ជាបន្ទាន់ ការលេងប៉ាតម្សៅ គប់និងបាញ់ទឹក របស់ក្រុមសិស្សសាលា បង្កភាពអនាធិបតេយ្យតាមផ្លូវ

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាចធានីភ្នំពេញ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានប្រកាសឲ្យបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពលេងប៉ាតម្សៅ គប់ទឹក បាញ់ទឹក របស់ក្មេងសិស្សសាលាបង្កភាព អនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឲ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ និងនាំឲ្យរងការរិះគន់ពី ប្រជាពលរដ្ឋនិងសេចក្ដីថ្លៃថ្នូរ។

ការបញ្ជានេះ ដោយសារនៅវិទ្យាល័យវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៣០ និង៣១ ខែមីនា បានរៀបចំសង្រ្កានឆ្នាំថ្មី ដែលមានសិស្សនៅវិទ្យាល័យ ជា ស៊ីម សាមគ្គឺ និងសិស្សតាមបណ្តាសាលាមួយចំនួនទៀត បានចូលរួមលេងសប្បាយរីករាយនៅក្នុងសាលា ហើយក៏នាំគ្នាមកលេងប៉ាតម្សៅ គប់ ទឹក បាញ់ទឹក នៅក្រៅបរិវេណសាលា និងបានជិះម៉ូតូជាក្រុមៗ ចេញក្រៅបង្កភាពអនាធិបតេយ្យ នៅតាមផ្លូវសាធារណៈ ដែលនាំឲ្យបង្កការរំខាននិងប៉ះពាល់អារម្មណ៍ ប្រជាពលរដ្ឋធ្វើដំណើរ។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១ មេសា បានដាក់បទបញ្ជាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ តាមបណ្តាសាលារៀន និងនៅតាមផ្លូវសាធារណៈ ទប់ស្កាត់និងនាំយកមកអប់រំ រាល់សកម្មភាពក្មេងសិស្សសាលា ដែលជិះម៉ូតូឈូឈរជាក្រុមៗ បង្កភាពរញ៉េរញ៉ៃតាមផ្លូវសាធារណៈ និងពិនិត្យសកម្មភាពក្រុមក្មេងទាំងនោះ បើសិនជាធ្វើសកម្មភាពដែល ប្រព្រឹត្តបទល្មើសខុសច្បាប់ និងរឹងទទឹងមិនស្តាប់តាម ការណែនាំរបស់សមត្ថកិច្ច ត្រូវមានវិធានការតាមផ្លូវច្បាប់ ដោយមិនលើកលែង។

ស្នងការបញ្ជាក់ថា ថ្មីៗនេះមានសិស្សជាង១០០នាក់ដែលបង្កភាព អនាធិបតេយ្យតាមផ្លូវសាធារណៈគប់ ទឹក ប៉ាតម្សៅ និងបាញ់ទឹក ត្រូវបានកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានឃាត់ យកអប់រំធ្វើកិច្ចសន្យាម្តងរួចមកហើយ បើក្នុងករណីមិនរាងចាលត្រូវ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត។ ក្នុងនោះអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវសហការជាមួយលោកនាយកសាលា និងគ្រូតាមបណ្តាសាលារៀនចុះ អប់រំឲ្យសិស្សានុសិស្សទាំងអស់ ចូលរួមគោរពច្បាប់ គោរព សេចក្តីណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងចូលរួមលើកកម្ពស់ថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព សង្គមនិងស្នើសុំឲ្យបញ្ឈប់រាល់សកម្មភាព ទាំងឡាយណាដែលបង្កប៉ះពាល់ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ៕

To Top