ភ្នំពេញ៖ ការលើកលែងការបង់ប្រាក់លើតម្លៃទិដ្ឋាការ ចេញ-ចូល (Re-Entry) តាមច្រកព្រំដែនកម្ពុជា-ថៃក្នុងអំឡុងពេលចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ ទទួលបានការសាទរ និងអបអរយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។
លោក នួន សុខហ៊ីម ជាពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តសុងខ្លាប្រទេសថៃ បានបង្ហាញការ សប្បាយចិត្តនៅពេលទទួលបានព័ត៌មានថា រាជរដ្ឋាភិបាល លើកលែងការបង់ថ្លៃសេវាលើការធ្វើដំណើរទៅវិញទៅមក (Re-Entry) ក្នុងអំឡុងពេលចូលឆ្នាំខ្មែរសម្រាប់ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសទាំងអស់។ ទន្ទឹមនឹងនេះ លោកអរគុណជាខ្លាំងដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបានចរចាជាមួយរដ្ឋាភិបាលថៃចំពោះការមិនយកថ្លៃសេវានេះបានដោយជោគជ័យ។
ចំណែក លោក ម៉េង រិទ្ធី ជាពលករដែលធ្វើការនៅប្រទេសថៃដែរនោះ ក៏បង្ហាញក្តីរីករាយ និងថ្លែងអំណរអរគុណយ៉ាងក្រៃលែងដល់សម្ដេចបវរធិបតីដែលបានចរចាជាមួយភាគីថៃដោយលើកលែងកម្រៃសេវាអនុញ្ញាតចេញចូលប្រទេសកម្ពុជាថៃ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះរយៈពេល ៤៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២៤ ខាងមុខនេះ។
ទន្ទឹមនឹងនេះ ពលរដ្ឋខ្មែររស់នៅ និងធ្វើការនៅប្រទេសថៃ លើកឡើងថា ការចរចាដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងថៃ ចំពោះការមិនយកថ្លៃទិដ្ឋាការ ចេញ-ចូល (Re-Entry)របស់ពលរដ្ឋខ្មែរ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរនេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលបង្ហាញពីការយកចិត្តទុកដាក់ដល់សុខទុក្ខពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ។
គួរបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃបានសម្រេចមិនយកថ្លៃទិដ្ឋាការចេញ-ចូលប្រទេសថៃ (Re-Entry) ដើម្បីកាត់បន្ថយការចំណាយពលករខ្មែរដែលនឹងធ្វើដំណើរត្រលប់មកកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។ កន្លងមករាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានស្នើសុំបញ្ចុះតម្លៃទិដ្ឋាការចេញ-ចូល ប្រទេសថៃពី១៩០០បាតមកត្រឹម៥០០បាត។ប៉ុន្តែពេលនេះតម្លៃទិដ្ឋាការនេះត្រូវបានសម្រេចមិនយកឡើយចាប់ពីថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២៤៕