ព័ត៌មានជាតិ

កម្ពុជា ប្តេជ្ញាសហការជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ាន ហើយប្តេជ្ញាសហការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់ ។

ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញបើក «កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ ២០២៤» ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន ៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសូហ្វីតែភ្នំពេញ ភូគីត្រា ។

ក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកកាន់កម្ពុជា ធ្វើការពិភាក្សាក្រោមមូលបទនេះ ដែលជារបៀបវារៈត្រូវតាមកាលៈទេសៈ និងមានមហិច្ឆតា ដើម្បីពង្រឹងភាពជាដៃគូ ក្នុងការលើកស្ទួយការជឿនលឿននៃបច្ចេកវិទ្យា និងជំរុញសហគមន៍អាស៊ានឲ្យកាន់តែមានវិបុលភាព និងសមធម៌ ។

សម្តេចធិបតី លើកឡើងថា វេទិកានេះ ក៏ជាសក្តានុពលក្នុងការបង្កើតជាកាតាលីករ សម្រាប់ការបង្កើនកិច្ចសហការធុរកិច្ច និងពង្រឹងទំនាក់ទំនង រវាងប្រជាជាតិអាស៊ាន និងដៃគូសកល និងជាមូលដ្ឋានគ្រឹះ សម្រាប់វិបុលភាពរួម និងអនាគតសេដ្ឋកិច្ច ដែលមានភាពធន់ជាងមុន សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ ។

សម្តេចនាយករដ្ឋមន្ត្រីបន្តទៀតថា កម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញ ក្នុងសហគមន៍អាស៊ាន ។ ជាមួយទីតាំងប្រកបដោយឧត្តមភាព និងយុទ្ធសាស្ត្ររបស់កម្ពុជា ផ្តល់នូវការតភ្ជាប់ដោយរលូន និងបង្កើតឲ្យមានប្រព័ន្ធអេកូឡូស៊ី នៃកិច្ចសហការដែលផ្តោតលើការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសុខុមាលភាពរួម នៅទូទាំងតំបន់ ។ ទន្ទឹមនេះ សមាជិកភាពជាយុទ្ធសាស្ត្ររបស់កម្ពុជា នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗ ក្នុងតំបន់ និងសកលលោក ដូចជា តំបន់ពាណិជ្ជកម្មសេរីអាស៊ាន RCEP និង WTO ធ្វើឲ្យកម្ពុជា ក្លាយទៅជាតួអង្គប្រកបដោយសមាហរណកម្មខ្ពស់មួយនៅក្នុងទីផ្សារសកល ដែលពោរពេញដោយជវភាព (ភាពនៃសន្ទុះ, ល្បឿន)។

សម្តេចនាយករដ្ឋមន្ត្រី លើកឡើងទៀតថា ផលិតផលដែល «ផលិតនៅកម្ពុជា» ដូចជា សម្លៀកបំពាក់ និងកង់ មានការទទួលស្គាល់នៅទូទាំងសកលលោកនាបច្ចុប្បន្ន ដោយសារគុណភាព និងតម្លៃដែលមានភាពប្រកួតប្រជែង ដែលការណ៍នេះ បានបង្ហាញឲ្យឃើញពីវត្តមានកាន់តែខ្លាំងឡើរបស់កម្ពុជានៅលើទីផ្សារសកល ។ លើសពីនេះ កម្ពុជាជឿជាក់យ៉ាងមុតមាំថា សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានភាពរឹងមាំ ភាពធន់ និងសមាហរណកម្ម អាចនាំមកនូវវិបុលភាពរួម សម្រាប់រដ្ឋជាសមាជិកទាំងអស់ ។

សម្តេចធិបតី គូសបញ្ជាក់ទៀតថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអនុវត្ត “យុទ្ធសាស្ត្រប្រទេស បូក” (Plus-One Strategy) តាមរយៈការទាក់ទាញការវិនិយោគ ជាពិសេសក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាមធ្យមឲ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឲ្យរោងចក្រធំៗនៅក្នុងប្រទេសជិតខាងក្នុងតំបន់អាស៊ាន ព្រមទាំងបានអនុម័ត ច្បាប់ស្តីពីការវិនិយោគកម្ពុជា ដើម្បីផ្តល់ជូនវិនិយោគិននូវសក្តានុពល និងឧត្តមភាពជាយុទ្ធសាស្រ្ត ដ៏គួរឲ្យទាក់ទាញ ជាមួយនឹងការលើកទឹកចិត្តជាច្រើនដល់គម្រោងវិនិយោគក្នុងវិស័យអាទិភាពសំខាន់ៗ ។

សម្តេចថា ជាងនេះទៀត កម្ពុជាក៏បាននិងកំពុងធ្វើការវិនិយោគជាយុទ្ធសាស្ត្រ លើបណ្តាញ ហេដ្ឋារចនាសម្ព័ន្ធដែលតភ្ជាប់គ្នា ទៅវិញទៅមក ដោយរួមបញ្ចូលការអភិវឌ្ឍផ្លូវលឿន កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលឡូជីស្ទីកទំនើបដែលអភិក្រមគ្រប់ជ្រុងជ្រោយនេះ នឹងជំរុញការតភ្ជាប់ក្នុងតំបន់ដោយរលូន និងមានប្រសិទ្ធភាព ទៅកាន់ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា និងតំបន់អាស៊ានទាំងមូល ៕

To Top